ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណដល់ដៃគូអភិវឌ្ឍប្រទេសជាមិត្ត និងអង្គការ សប្បុរសធម៌ទាំងអស់ ដែលបាននិងកំពុងផ្តល់វិភាគទាន ក៏ដូចជាអ្នកប្រតិបត្តិករដោះមីនទាំងអស់នៅកម្ពុជាដែល បានខិតខំក្នុងការជួយធ្វើឱ្យកម្ពុជាជោគជ័យក្នុងវិស័យ សកម្មភាពមីន មកដល់ពេលបច្ចុប្បន្ន។
សម្តេចបានអំពាវនាវទៅដល់ប្រទេសជាមិត្ត ដៃគូ អភិវឌ្ឍន៍ វិស័យឯកជន អង្គការសប្បុរសធម៌ បន្តការជួយ គាំទ្រ ផ្តល់កិច្ចសហការ និងភាពជាដៃគូឱ្យកាន់តែខ្លាំងក្លា ជាមួយរាជរដ្ឋាភិបាលលើវិស័យមីន ដើម្បីឱ្យកម្ពុជាបាន រួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីនត្រឹម ឆ្នាំ២០២៥ដូចការគ្រោងទុកផងដែរ។
សម្ដេចតេជោលើកឡើងថា៖ «ខ្ញុំសូមអំពាវនាវយ៉ាងទទូច ដល់ដៃគូអភិវឌ្ឍប្រទេសជាមិត្ត អង្គការសប្បុរសធម៌ ក៏ ដូច ជាវិស័យឯកជនបន្តការជួយគាំទ្រ ផ្ដល់កិច្ចសហការ និងភាពជាដៃគូឱ្យកាន់តែខ្លាំងក្លា ជាមួយអាជ្ញាធរមីន ដែល ជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យមីន ដើម្បីឱ្យកម្ពុជាបានរួចផុតពីការគំរាមកំហែងដោយសារ គ្រាប់មីន ត្រឹមឆ្នាំ២០២៥ ដូចការតាំងចិត្តដែលមានចែង នៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ » ។
ចាប់ពីខែមករា ឆ្នាំ១៩៧៩ ដល់ខែកក្កដា ឆ្នាំ២០២១ មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ៦៤ ៩៥០នាក់ ដែលបានកត់ត្រាដោយមន្ត្រី-បុគ្គលិកប្រមូល ទិន្នន័យរបស់ការិយាល័យ CMVIS។ ក្នុង ចំណោមជនរងគ្រោះចំនួន ៦៤ ៩៥០នាក់ រួមមាន ជនរងគ្រោះដោយសារមីន ៥១ ១៤២នាក់(៧៩%) និង សំណល់ជាតិផ្ទុះពីសង្គ្រាម ១៣ ៨០៨នាក់(២១%)។
ជនរងគ្រោះស្លាប់ ១៩ ៨០៦នាក់(៣០% របួស ៣៦ ០៧៧នាក់(៥៦%) និងពិការអវៈយវៈ ៩ ០៦៧នាក់(១៤%)៕
ដោយ ៖ សិលា