ព័ត៌មានទាន់ហេតុការណ៍៖

យោធាថៃឃាត់ពលករខ្មែរ៣៧នាក់ លួចឆ្លងដែនចូលខុសច្បាប់ នៅស្រុកអារញ្ញ

ចែករំលែក៖

ស្រុកអារញ្ញ ៖ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែនកាលពីថ្ងៃទី៤ ធ្នូ ឆ្នាំ២០២១ ថាកងកម្លាំងអង្គភាពបូរផា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ កាលពីយប់ថ្ងៃទី៣ ខែធ្នូ កន្លងមក បានប្រទះឃើញពលករខ្មែរលួចឆ្លងដែនតាមច្រករបៀង ចូលប្រទេសថៃដោយខុសច្បាប់ចំនួន៣៧នាក់ ក្នុងនោះប្រុស២០ ស្រី១៦ និងក្មេងស្រីម្នាក់ នៅបរិវេណភូមិខ្លង វ៉ាម៉ី ឃុំ ថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ ។

 សូមបញ្ជាក់ថា នៅពេលសមត្ថកិច្ចថៃសួរនាំបានឲ្យដឹងថា ពលករខ្មែរទាំងអស់ខាងលើ ធ្វើដំណើរមកពីខេត្តកំពង់ចាម,កំពត,ឧត្តរមានជ័យ,បន្ទាយមានជ័យ,ពោធិ៍សាត់,បាត់ដំបង,ព្រៃវែង និងសៀមរាប ប្រទេសកម្ពុជា ចង់ធ្វើដំណើរទៅធ្វើការនៅទីក្រុងបាងកក,ខេត្តប្រាជីនបុរី,រ៉ះយ៉ង,នគររាជសីម៉ា និងណៈខន ប៉ះធំ ទើបសមត្ថកិច្ចថៃធ្វើការឃុំខ្លួន បញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់ និងអនុវត្តតាមវិធានរបស់សុខាភិបាលបន្ត។បន្ទាប់មកកម្លាំងទាហានប្រាណទី១៣ ប្រចាំស្រុកអារញ្ញ បាននាំកម្លាំងដើរល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ និងបានប្រទះឃើញពលរដ្ឋខ្មែរលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ចំនួន៤នាក់ទៀត ក្នុងនោះប្រុសម្នាក់ ស្រីម្នាក់ ក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់ នៅបរិវេណភូមិដុង ងូ ឃុំបិរ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ពេលសមត្ថកិច្ចថៃសួរនាំ ពួកគេបានប្រាប់ថា ពួកគេធ្វើដំណើរមកពីខេត្តកំពង់ចាម ប្រទេសកម្ពុជា ចង់ធ្វើដំណើរចូលទៅធ្វើការនៅខេត្តស្រះកែវ ទើបសមត្ថកិច្ចថៃឃុំខ្លួន បញ្ជូនទៅឲ្យសមត្ថកិច្ចខ្លងលឹក ដើម្បីចាត់ការតាមច្បាប់បន្ត៕

ដោយ ៖ វណ្ណា


ចែករំលែក៖