ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈបើកម៉ូតូជ្រុលទៅបុកកន្ទុយរុឺម៉ករថយន្តចតចោលនៅតាមចិញ្ចើមផ្លូវពីក្រោយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨និង៣០នាទីយប់ថ្ងៃទី៤ខែធ្នូឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវបេតុង ខាងក្រោយបុរីសន្តិភាព២ សង្កាត់ពងទឹកខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ គូច ចិត អាយុ២៩ឆ្នាំ មុខរបរជាងដែក ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅឯស្រុកទ្រាំង ខេត្តតាកែវ បើកម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JA-4622។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះនេះបើកម៉ូតូម៉ាកហុងដាឌ្រីមធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកកន្ទុយរុឺម៉ករថយន្តដែលចតនៅលើចិញ្ចើមផ្លូវរយៈពេលជាច្រើនថ្ងៃមកហើយនោះយ៉ាងពេញទំហឹងបណ្តាលឱ្យជនរងគ្រោះដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងកន្ទុយរុឺម៉ករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ដោយ៖ ជ្រោយពេជ្រ