ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ និងបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ១២ខ្នង ផ្អើល​សមត្ថកិច្ច​ទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ​៖​ ករណីគ្រោះអគ្គិភ័យមួយ​ បានឆាបឆេះមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ បង្កការ​ភ្ញាក់ផ្អើល​នៅវេលាម៉ោង​ ៧និង៣០នាទីព្រឹកថ្ងៃអាទិត្យ ១កេីត ខែមិគសិរ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១​​ ស្ថិតនៅចំណុចផ្លូវ​ជាតិលេខ៥​ ភូមិ៥​ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញអស់ចំនួន ១២ខ្នងផ្ទះតូច និងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុងផងដែរ។   

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់ទីតាំងបង្ករគឺជាសំណង់មិនរៀបរយចំនួន​ ១២ខ្នងផ្ទះតូច​ ហេីយបានរាលដាលដល់ផ្ទះអ្នកជិតខាងមានឈ្មោះ​ ចាន់​ សារីម​ ភេទស្រី​ អាយុ​ ៦១ឆ្នាំ​ មុខរបរ គ្រូតំប្បាញ ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការដុតទៀនបង្កជាអគ្គិភ័យ។      

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះ ឈេីលេីថ្មក្រោម ទំហំ (១៥ម៉ែត្រ x ១៥ម៉ែត្រ​)​ ឆេះសំណង់មិនរៀបរយ​ ១២ខ្នងផ្ទះតូច​ និងរាលដាលដល់ផ្ទះសិប្បកម្មសូត្រតម្បាញ​ និងហូល​ ខូចខាតកុំព្យូទ័រចំនួន​ ៣គ្រឿង,​ ទូរទឹកកកចំនួន​ ១គ្រឿង,​ លុយខ្មែរចំនួន​ ២លានរៀល​ និងលុយដុល្លារចំនួន​ ១០០០ដុល្លារ​ អស់ទាំងស្រុង។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ១៣គ្រឿង ប្រើប្រាស់ទឹកអស់​ ២៦ឡាន ស្មើរនឹង ១០៤ម៉ែត្រគូប​ និងរថយន្តពន្លត់អគ្គិភ័យជំនួយរបស់សាលាខណ្ឌឫស្សីកែវ​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ៨ម៉ែត្រូគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៨និង៣០នាទីនាថ្ងៃដដែរ៕

ដោយ​៖សហការី​


ចែករំលែក៖