ក្លិបជើងឯកលីគកំពូលព័រទុយហ្គាល់ Sporting Lisbon គឺជាក្លិបមួយក្នុងចំណោមក្លិបចំនួន៨ដែលត្រូវបានពិន័យដោយ UEFA ចំពោះការរំលោភបំពានផ្នែកហិរញ្ញវត្ថុ (FFP)។ ក្លិប Sporting ត្រូវបានពិន័យជាប្រាក់ចំនួន២៥០,០០០អឺរ៉ូ ខណៈដែលគូប្រជែងក្នុងលីគ Porto ត្រូវបានពិន័យជាប្រាក់ចំនួន៣០០,០០០អឺរ៉ូ។
ក្លិបមានពេលរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដើម្បីបង់ថ្លៃហួសកាលកំណត់ បើមិនដូច្នេះទេ ប្រឈមនឹងការហាមឃាត់ពីការប្រកួត UEFA។ Sporting បានឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League រដូវកាលនេះ។
ក្លិបចំនួន៦ផ្សេងទៀតដែលត្រូវបានដាក់ទណ្ឌកម្មគឺ Real Betis របស់អេស្ប៉ាញ, Astana របស់កាហ្សាក់ស្ថាន, CFR Cluj របស់រូម៉ានី, CSKA Sofia របស់ប៊ុលហ្គារី, Mons Calpe របស់ Gibraltar និង Santa Clara របស់ព័រទុយហ្គាល់។
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានប្រកាសថា ក្លិបទាំង៨ត្រូវបានដាក់ទណ្ឌកម្មដោយសារតែ “ការមិនអនុលោមតាមតម្រូវការ, មិនបង់ប្រាក់ហួសកាលកំណត់” របស់ពួកគេ។
សេចក្តីថ្លែងការណ៍មួយពីស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបានព្រមានថាពួកគេប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែម ប្រសិនបើពួកគេមិនបានបង់ប្រាក់លើសកំណត់នោះ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “ការដកចេញតាមលក្ខខណ្ឌពីការចូលរួមក្នុងការប្រកួតនៅ UEFA ដែលពួកគេនឹងមានលក្ខណៈគ្រប់គ្រាន់ក្នុង៣រដូវកាលបន្ទាប់ លុះត្រាតែពួកគេអាចបញ្ជាក់បានត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ថា ពួកគេបានបង់ថ្លៃហួសកាលកំណត់”។
គួរបញ្ជាក់ថា ក្លិប Sporting Lisbon បានប្រកួតឈ្នះក្រុមម្ចាស់ផ្ទះ Benfica កាលពីរាត្រីថ្ងៃសុក្រ ទី៣ ខែធ្នូ ក្នុងលទ្ធផល៣ទល់១។ ជ័យជម្នះនេះធ្វើឲ្យក្រុម Sporting ឡើងទៅឈរចំណាត់ថ្នាក់លេខ២ មាន៣៥ពិន្ទុស្មើពិន្ទុជាមួយក្រុម Porto ដែលមាន៣៥ពិន្ទុដូចគ្នា ប៉ុន្តែ Porto មានគ្រាប់បាល់ចំណេញច្រើនជាង ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)