ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកម្មករបុកជាមួយរថយន្តដឹកស្រូវរបួសធ្ងន់ស្រាលកម្មការិនី៥នាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់រវាងរថយន្តដឹកកម្មករដែលបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយដឹកស្រូវធុនធ្ងន់យ៉ាងពេញទំហឹងបណ្ដាលឱ្យកម្មការិនី៥នាក់រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកបើករថយន្ដបង្កហេតុមានឈ្មោះ ឆន រិទ្ធី  អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

ចំណែកកម្មការិនីដែលរងរបួសមាន ៖

ទី១-ឈ្មោះ ម៉ាញ ចន្ធី ភេទស្រី(របួសស្រាល)។

២-ឈ្មោះ ព្រំ ធារ៉ា ភេទស្រី(របួសស្រាល)។

៣-ឈ្មោះ សូ ណែត ភេទស្រី (របួសស្រាល)។

៤-ឈ្មោះ ហាត់ ហឿន ភេទស្រី (របួសស្រាល)

៥-ឈ្មោះ ចាន់ រតនា ភេទស្រី (របួសធ្ងន់)។

រីឯអ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកស្រូវមានឈ្មោះស៊ីណា តុលា អាយុ ២៦ឆ្នាំ រស់នៅភូមិត្រពាំងថ្លាន់ខាងជើង ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានរថយន្តដឹកកម្មករមួយគ្រឿងម៉ាក ខោនធី  ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ៣B-៨២៩០បើកនៅលើផ្លូវជាតិលេខ១៣ពីត្បូងមកជើងខណ:នោះក៏បានបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ស្រាប់តែមានរថយន្តដឹកស្រូវម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ៣A-៥៣៣១បើកក្នុងទិសដៅបញ្ច្រាសគ្នាក៏បុកគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍ទៅសមត្ថកិច្ចមកធ្វើអន្តរាគមន៍ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

រីឯមធ្យោបាយធ្វើដំណើររថយន្តទាំងពីរគ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយតាមច្បាប់៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖