ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលក្រុមការងារអន្តរក្រសួងចុះពិនិត្យស្រាវជ្រាវទីតាំងដីដែលត្រូវបានទន្ទ្រានក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក ជា សុផារាំ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យទីតាំងដីដែលត្រូវបានទន្ទ្រានក្នុង ដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១។

ប្រតិភូរួមដំណើរជាមួយ លោកឧបនាយករដ្ឋមន្ត្រី មាន លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់, លោក វេង សាខុន រដ្ឋមន្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកកិត្តិបណ្ឌិត លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ហួត ហាក់ រដ្ឋលេខាធិការ តំណាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, លោក អ៊ឹម ចាន់ថុល ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ, លោក ជាវ តាយ អភិបាលន គណៈអភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ននិងអង្គភាព ពាក់ព័ន្ធ។

ប្រតិភូក្រុមការងារអន្តរក្រសួងបានជួបប្រជុំពិភាក្សាគ្នាប្រមូលធាតុចូល និងបានដាក់ចេញវិធានការ ដូចខាងក្រោម+

1. ជូនរដ្ឋបាលខេត្តពោធិ៍សាត់ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។

2. ជូនរដ្ឋបាលខេត្តពោធិ៍សាត់ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដីដែនព្រៃលិចទឹកបន្តទៀត ធ្វើ អត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដីនិងចាត់វិធានការតាមផ្លូវច្បាប់ ដោយ ត្រូវកសាងអង្គហេតុ និងដាក់បណ្ដឹងអាជ្ញាទៅតុលាការ

3.ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រាន។

4. កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាត់កម្លាំងចុះល្បាតតាមគោលដៅដើម្បីទប់ស្កាត់ការទន្ទ្រាន ដីព្រៃលិចទឹកនិងអនុវត្តវិធានការច្បាប់។

5. ជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដែល បានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវដីព្រៃលិចទឹកតំបន់ទន្លេសាប។

6. ចំពោះប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្ទើឱ្យធ្វើ លិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។

7. ការដាំដើមឈើឡើងវិញ ផ្ដល់អាទិភាពលើការដាំដើមប្ញស្សី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖