ខេត្តព្រៃវែង ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថានៅពេលនេះក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនកំពុងពិភាក្សាជាមួយក្រសួងសុខាភិបាលកម្ពុជាក្នុងការបើករោងចក្រផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា ដោយថាឆ្នាំក្រោយពលរដ្ឋខ្មែរនឹងអាចប្រើប្រាស់វាក់សាំងការពារជំងឺកូវីដ-១៩ដែលផលិតក្នុងស្រុកបាន។ ការលើកឡើងរបស់លោកទូតចិនបង្ហាញថា កម្ពុជាកំពុងឈានមុខលើវិធានការទប់ស្កាត់កូវីដ-១៩ តាមរយៈសម្តេចតេជោ ហ៊ុន សែន គិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសរស់នៅកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១តភ្ជាប់ពីខេត្តព្រៃវែងទៅខេត្តត្បូងឃ្មុំ លោក វ៉ាង វិនធាន បានលើកឡើងថា កម្ពុជាជាមិត្តដែកថែបរបស់ចិន ហើយប្រទេសចិននឹងជួយកម្ពុជាឱ្យមានសមត្ថភាពក្នុងការកសាងសេដ្ឋកិច្ចសង្គម ខណៈដែលក្រុមហ៊ុនផលិតវ៉ាក់ សាំងចិនក៏កំពុងពិភាក្សាក្នុងការបើករោងចក្រនៅប្រទេសកម្ពុជាផងដែរ។
លោកថា៖ «ឆ្នាំក្រោយប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងដែលផលិតនៅស្រុកខ្មែរបាន» ។
ថ្លែងក្នុងពិធីប្រគល់និងទទួលវាក់សាំងការពារជំងឺកូវីដ-១៩ពីសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រទេសចិនក្នុងការពិចារណាបើករោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅកម្ពុជា ដោយថា ដើម្បីជំរុញលទ្ឋភាពឆ្លើយតបនៃជំងឺកូវីដ-១៩នៅកម្ពុជា ក៏ ដូចជានាំចេញទៅក្រៅប្រទេសផងដែរ។
សូមបញ្ជាក់ថា តាមការលើកឡើងពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថា ៖ ឆ្នាំក្រោយពលរដ្ឋខ្មែរនឹងអាចប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដែលផលិតក្នុងស្រុកបាន ! អ្វីដែលជាមោទកភាព គឺសម្តេចតេជោ ហ៊ុន សែន ប្រកាសពីដំណើរការផលិតវាក់សាំងប្រឆាំងកូវីដ-១៩ នៅកម្ពុជា ដោយមានជំនួយ បច្ចេកទេសពីមិត្តចិន ដែលជាការគិតគូរវែងឆ្ងាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ព្រោះយើងមិនដឹងថា ជំងឺនេះនឹងត្រូវបញ្ចប់នៅពេលណានោះទេ។ ការផលិតវ៉ាក់សាំងនៅកម្ពុជាដោយផ្ទាល់ នឹងចំណេញថ្លៃដើមផលិត ការដឹកជញ្ជូន និងប្រតិបត្តិការឆាប់រហ័ស។ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងមោទកភាពយ៉ាងខ្លាំងចំពោះដំណើរការចាក់វាក់សាំងកូវីដ-១៩ នៅកម្ពុជា ដោយសម្រេចបានលើសផែនការដែលបានគ្រោងទុក ដើម្បីបង្កើតភាពស៊ាំប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលជាប្រសិទ្ធភាពនៃវាក់សាំងចិន៕
ដោយ ៖ សុខ ខេមរា