ភ្នំពេញ៖ បើយោងតាមផេក (Cambodia SEA GAMES 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា,កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បានគ្រងចំណាត់ថ្នាក់លេខ១ ជាមួយការធ្វើបាន Perfect Games (ល្អឥតខ្ទោះ) ក្រោយដណ្ដើមលេខ១ ទាំង៤ជុំ ក្នុងការប្រកួតកីឡាម៉ូតូទឹក ពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 ជុំទី៣ (ជុំធំ) នៅប្រទេសថៃ កាលពីថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២១។
ផេក(Cambodia SEA GAMES 2023) បន្តថា, ម្ចាស់មេដាយមាសកីឡាអាស៊ីរូបនេះ បានបញ្ជាក់ថា ក្នុងការប្រកួតជុំទី៣នេះ ខ្លួនធ្វើបានល្អខ្លាំង បើធៀបនឹងការប្រកួត២ជុំកន្លងមក ពិសេសជុំទី២ ដែលមានបញ្ហាម៉ូតូ អំឡុងការប្រកួត ព្រោះការប្រកួតលើកនេះ មានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីអ្នកបច្ចេកទេស មុនចាប់ផ្ដើមការប្រកួត និងក្រោយចប់ការប្រកួតជុំនីមួយៗ។
សាលី អ៊ូមើត និយាយថា «ជុំទី៣នេះ ខ្ញុំធ្វើបានល្អ ដោយសារម៉ូតូអត់មានបញ្ហា ព្រោះក្រោយចប់ការប្រកួតជុំនីមួយៗ អ្នកបច្ចេកទេសបានត្រួតពិនិត្យជាប្រចាំរយៈពេល ២ថ្ងៃ ដែលធ្វើឲ្យខ្ញុំធ្វើបាន Perfect Games នៅពេលនេះ។ និយាយរួម ខ្ញុំដណ្ដើមបានលេខ១ ទាំង៤ជុំ គេហៅថា Perfect Games ហើយការធ្វើបាន Perfect Gamesនេះ គឺកម្រមានអ្នកធ្វើបានណាស់» ។
គួរដឹងថា អ៊ូមើត បានប្រកួតវិញ្ញាសា Pro Am Ski Modified ដែលកាលពីជុំទី១ ក៏ខ្លួនដណ្ដើមបានចំណាត់ថ្នាក់លេខ១ដែរ តែជុំទី២ កាលពីចុងខែមុន គេទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីម៉ូតូខ្លួនមានបញ្ហា មិនអាចបន្ដការប្រកួតបាន ស្របពេលប្អូនជីដូនមួយ មីន មូស្ដាន ទទួលបានលេខ១។ ប៉ុន្ដែនៅជុំទី៣នេះ អូមើត បានដណ្ដើមចំណាត់ថ្នាក់លេខ១ មកវិញ គ្រាដែល មូស្ដាន បានធ្លាក់ទៅឈរលេខ៣។
ដោយឡែកកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ៣រូបទៀត ក៏ធ្វើបានល្អប្រសើរផងដែរ រួមមានកីឡាករ កៃ វ៉ាន់ស៊ីដែន និងកីឡាករ សាលី ហ្វីលីន ទទួលបានចំណាត់ថ្នាក់លេខ៤ ដូចគ្នា លើវិញ្ញាសាស្គីឈរ និងស្គីអង្គុយ។ រីកីឡាករ មីន អូស្មាន់ ទទួលបានចំណាត់ថ្នាក់លេខ៦។
ចំពោះលទ្ធផលរបស់កីឡាករវ័យក្មេងកម្ពុជាខាងលើនេះ ត្រូវបាន សាលី អូមើត វាយតម្លៃខ្ពស់ ចំពោះបច្ចេកទេសរបស់កីឡាករម្នាក់ៗ ទោះបីពួកគេប្រើម៉ូតូចាស់ តាំងពីឆ្នាំ២០១៧ ក៏ដោយ។ អ៊ូមើត សង្កត់ធ្ងន់ថា ជារួមការប្រកួតនេះ សម្រាប់កីឡាករវ័យក្មេងកម្ពុជាផ្សេងៗ គឺមិនផ្ដោតសំខាន់លើលទ្ធផលនោះទេ អ្វីដែលសំខាន់ គឺបទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាព ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕
ដោយ ៖ សិលា