ភ្នំពេញ ៖ នៅវេលាម៉ោង២និង៣៦នាទីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, នៅពីថ្ងៃទី៦ ខែធ្នូ ពិធីសម្ពោធអគារវះកាត់ និងសម្ភពថ្មី ដែលបានសាងសង់ដោយអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) របស់ជប៉ុន ក្រោមជំនួយឥតសំណងសម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ត្រូវបានរៀបចំឡើងនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ក្នុងខេត្តក្រចេះ។
ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, លោកបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសផ្សេងទៀត បានអញ្ជើញចូលរួមនៅក្នុងពិធីនេះ។
គម្រោងនេះមានគោលបំណងពង្រឹងសេវាវេជ្ជសាស្រ្តផ្នែកវះកាត់កុមារក្នុងខេត្តក្រចេះ ដែលអាចឱ្យអ្នកជំងឺនៅភាគឦសាននៃប្រទេសកម្ពុជាទទួលបានការព្យាបាលសមស្របនៅក្នុងមន្ទីរពេទ្យក្នុងស្រុក។
សូមបញ្ជាក់ផងដែរថា, រាជរដ្ឋាភិបាលនៃប្រទេសជប៉ុនក៏ដូចជាប្រជាពលរដ្ឋជប៉ុន បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្ដល់នូវជំនួយឥតសំណងយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ៕
ដោយ ៖ សុខ ខេមរា