ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការបរទេសយោធា ជួបអនុរដ្ឋលេខាធិការ សិង្ហបុរី និងអនុព័ន្ធយោធារុស្សុី

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ទទួលជួបពិភាក្សាការងារជាមួយនឹងលោក តែវ អេងឌី(Teo EngDih)អនុរដ្ឋលេខាធិការ ទទួលបន្ទុកនយោបាយ និងជាអនុប្រធានអាដស៊ឹម(ADSO M)សិង្ហបុរី នាព្រឹកថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២១ នៅអគារមិត្ត ភាព ទីស្តីការគណៈរដ្ឋមន្ត្រី។

កិច្ចពិភាក្សានោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ និងឯកឧត្តមតែវ អេងឌី(Teo EngDih)ផ្លាស់ទស្សនៈ ស្តីពីការ អភិវឌ្ឍន៍សន្តិសុខនៅក្នុងតំបន់ មានសារៈសំខាន់ និងកំពុងកើតមាននាពេលបច្ចុប្បន្ន។ ការធ្វើម្ចាស់ផ្ទះរបស់កម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅឆ្នាំ២០២២ ។

ក្នុងនោះ ភាគីកម្ពុជា លើកឡើងដល់សឹង្ហបុរីឲ្យដឹងអំពីកាល បរិច្ឆេទ នៃកិច្ចប្រជុំនៅក្នុងឆ្នាំ២០២២ អំពីមូលបទរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺសាមគ្គីភាព ដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុម ។ អាទិភាពទាំង៥ របស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ព្រមទាំងបង្ហាញឲ្យឃើញ អំពីគំនិតផ្តួចផ្តើមរបស់កម្ពុជាធ្វើជាម្ចាស់ ផ្ទះនៅឆ្នាំ២០២២ ខាងមុខមានឯកសារចំនួន ៧ គឺៈឯកសារទស្សនទានចំនួន ៣ ឯកសារពិភាក្សាចំនួន ២ និងឯកសារ សេចក្តីប្រកាសរួមរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។

កិច្ចពិភាក្សា រំលឹកឡើងវិញអំពីការផ្តួចផ្តើមរបស់សឹង្ហបុរី ស្នើ សុំឲ្យដាក់ការងារ និងគំនិតរួមមួយចំនួន ក្នុងកិច្ចប្រជុំរបស់កម្ពុជា ក្នុងឆ្នាំ២០២២នេះ ដូចជាៈ បញ្ហាការបង្កើតមជ្ឈមណ្ឌ លសន្តិសុខ ពត៌មានវិទ្យា នឹងបានស្នើដល់កម្ពុជាជួយគាំទ្រ និងបញ្ហាធ្វើបច្ចុប្បន្នភាព ស្តីអំពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី រវាងកម្ពុជានិងសឹង្ហបុរី ។ ក្នុងនោះ បានលើឡើងអំពីបញ្ហាផ្សេងៗ ចូលរួមនៅក្នុងប្រទេសសឹង្ហបុរី ដូចជាៈ កិច្ចប្រជុំកំពូលអាស៊ី និងកិច្ចផ្សេងៗទៀត ដែលសឹង្ហបុរីរៀបចំ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជា អញ្ជេីញចូលរួមប្រចាំឆ្នាំ ។ ជាចុងក្រោយ កម្ពុជារំឮកឲ្យសឹង្ហបុរី ដឹងអំពីការរៀបចំសៀវភៅសការពារជាតិរបស់ខ្លួន គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំនេះ ហើយប្រកាសក្នុងឆ្នាំ ២០២២ ក្នុង នាមកម្ពុជាធ្វើជាប្រធានអាស៊ាន។

បន្ទាប់មកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទទួលជួបពិភាក្សាការងារជាមួយនឹងវរនាវីឯក វីតាលី លុចសេវ (Vitoly LUCH SHEV) នាយការិយាល័យអនុយោធាសហព័ន្ធរុស្សុី ប្រចាំព្រះរាជាណាចក្រកម្ពុជា បន្តទៀត ។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ និងវរនាវីឯក នាយការិយាល័យ អនុយោធាសហព័ន្ធរុស្សុី ប្រចាំកម្ពុជា ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារ ជាតិ ប្រទេសទាំងពីរ កម្ពុជានិងសហព័ន្ធរុស្សុី សម្រាប់ឆ្នាំ២០ ២២ ខាងមុខ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការជាច្រើន ដែលពាក់ ព័ន្ធជាមួយនឹងស្ថាប័នរបស់កងទ័ព ដូចជាស្ថាប័នប្រឆាំងភេរវ កម្ម កងទ័ពជើងគោក និងអង្គភាពបោសសំអាតគ្រាប់ មីន។ រុស្សុីគ្រោងឲ្យមានការពិភាក្សានិងចុះហត្ថលេខា លើអនុសារ ណៈយោគយល់គ្នា រវាងកម្ពុជានិងរុស្សុី លើវិស័យការពារជាតិ ប្រទេសទាំងពីរ ។ ភាគីរុស្សី ស្នើសុំឲ្យមានកិច្ចក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរុស្សុី គ្រោងធ្វើនៅក្នុងឆ្នាំ ២០២ ២ខាងមុខនេះ ។ ក្នុងនោះលោកអនុព័ន្ធយោធារុស្សី បញ្ជាក់ថាៈ រដ្ឋមន្ត្រីការពារជាតិរុស្សុី បានផ្ញើរលិខិតជូនសម្តេចពិជ័យសេនា ទៀ បាញ់ ស្នើសុំរៀបចំកិច្ច ប្រជុំក្រៅផ្លូវការ ក្នុងឆ្នាំ២០២២ ខាងមុខនេះ ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ លើកឡើងអំពីប្រវត្តិសាស្ត្រ កិច្ចសហប្រតិបត្តិការ រវាងកងទ័ព កម្ពុជា-រុស្សុី ដែលមានជាយូរលុងណាស់មកហេីយ ។ ពីរឆ្នាំកន្លង ដោយមានបញ្ហាការរាតត្បាតជម្ងឺកូវីដ-១៩កើតឡើង មានការអាក់ខាន និងធ្វើការជាប់ លាប់ជា ប្រចាំនោះទេ  ដូច្នេះនេះគឺជាការប្តេជ្ញាចិត្តរបស់កម្ពុជា ក៏ដូចជារុស្សុី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឡើង វិញទៅលើកិច្ចសហប្រតិបត្តិការវិស័យយោធា។ នៅឆ្នាំក្រោយ នេះ មានផែនការជាច្រើនដោយរុស្សុីស្នើសុំធ្វើការងារឡើងវិញនឹងចាត់គណៈ ប្រតិភូរបស់រុស្សុី មកកាន់កម្ពុជាផ្ទាល់ ដើម្បីចុះហត្ថលេខា យោគយល់គ្នា និងកិច្ចប្រជុំមួយចំនួន ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖