ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង បើកការដ្ឋាន សាងសង់សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញដើម្បីបម្រើឱ្យវិស័យសុខាភិបាល ជូនពលរដ្ឋកាន់តែងាយស្រួលផ្នែកសុខភាព

ចែករំលែក៖

   ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ មន្ទីរពេទ្យពហុជំនាញ ភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលនឹងត្រូវសាងសង់ឡើងកម្ពស់២៦ជាន់ ក្រោមដី៣ជាន់និងអាចដាក់គ្រែសម្រាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ទៅ២០០គ្រែ ដែលគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលពី៤ទៅ៥ឆ្នាំ ។

    សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ បានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខសេចក្តីចម្រើន បើកការដ្ឋានសាងសង់នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីជាភរិយា ដោយមានលោកវេជ្ជបណ្ឌិតឈុន ឡាយ ជាតំណាងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ។

   បើតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះបានគូសបញ្ជាក់ថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់លោកឃួង ស្រេង និងលោកស្រីជាភរិយាបានធ្វើឱ្យគម្រោង សាងសង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនាពេលនេះចេញជារូបរាងដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យ និងគ្រប់ជំនាញ។

   លោកតំណាងមន្ទីរពេទ្យបញ្ជាក់ទៀតថា សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ  សាងសង់មានកម្ពស់២៦ជាន់, ក្រោមដី៣ជាន់និងអាចដាក់គ្រែសម្រាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ទៅ២០០គ្រែ និងគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលពី៤ទៅ៥ឆ្នាំដែលជាមន្ទីរពេទ្យឯកជនបម្រើសេវាសុខភាពដូចមន្ទីរពេទ្យរដ្ឋដែរ ដោយគិតទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋដែលខ្វះខាតជាចម្បង។

  សូមបញ្ជាក់ថា សម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញរួមនឹងអង្គភាពជំនាញ បានដំណើរការបង្ខិតសេវាសុខាភិបាល ពង្រឹងនិងពង្រីកយន្តការនៃការផ្តល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់សេវាសុខាភិបាលឯកជន ក្នុងនោះគិតត្រឹមឆ្នាំ២០២១នេះ  នៅរាជធានីភ្នំពេញមានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៧, មន្ទីរពេទ្យបង្អែកចំនួន១,មន្ទីរពេទ្យថ្នាក់ស្រុកចំនួន៧, មណ្ឌលសុខភាពចំនួន៤៣,ប៉ុស្តិ៍សុខភាពចំនួន៧ដែលជាសេវាគ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាលឯកជនចំនួន២៧៥៧ ទីតាំងបន្ថែមទៀតកំពុងផ្តល់សេវាពិនិត្យពិគ្រោះនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

     ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធររាជធានីភ្នំពេញដែលដឹកនាំដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមនឹងកងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការ រួមនឹងអង្គភាពជំនាញបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញតាមរយៈការអនុវត្តវិធានចម្បងៗរបស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបម្រើសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕ 

ដោយ ៖ សំរិត


ចែករំលែក៖