ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តមិនគោរពសិទ្ធិអាទិភាពបុកអ្នកជិះម៉ូតូស្លាប់ម្នាក់របួស១នាក់ ឪពុកជនរងគ្រោះប្ដឹងទារសំណង៤០លានរៀល

ចែករំលែក៖

     ខេត្តពោធិ៍សាត់ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលសង្ស័យបង្កឡើងដោយបុរសបើករថយន្តម៉ាកឡិចស៊ីសRX៣៣០ បណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួស ត្រូវបានឪពុកក្មេកភាគីរងគ្រោះ និងជាតំណាងជនរងរបួស ប្ដឹងទារសំណងចំនួន៤០លានរៀល ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលសង្ស័យបង្កឡើងដោយបុរសបើករថយន្ត បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសខាងលើ បានកើតឡើងនៅវេលាម៉ោង២០ និង៤៥នាទី យប់ថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចំណុចផ្លូវបំបែកជាបួន មុខ(ក្លោងទ្វារវត្តព្រៃខ្លុង)ស្ថិតនៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 ប្រភពនានានៅក្បែរកន្លែងកើតហេតុបានលើកឡើងស្រឌៀងៗគ្នាថា មុនកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្ត១គ្រឿងម៉ាក ឡិចស៊ីសRX៣៣០ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AV 6589(អ្នកបើកបរគេចខ្លួន) ក្នុងទិសដៅខាងត្បូងឆ្ពោះទៅទិសខាងជើង ដោយមិនគោរពសិទ្ធិអាទិភាពអ្នកធ្វើដំណើរលើផ្លូវធំ ក៏បានជ្រុលបុកអ្នកជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1D.5706 ពេញទំហឹង ខណៈកំពុងធ្វើដំណើរពីលិចទៅកើត បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរបានរងរបួសយ៉ាងដំណំផងដែរ ។

 ប្រភពដដែលបន្តទៀតថា ភាគីខាងជិះម៉ូតូរងគ្រោះ(ស្លាប់)ឈ្មោះ ម៉ូត ឡឹប ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិរលាំង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានប្រពន្ធ(មានផ្ទៃពោះ)និងអ្នករួមដំណើររងរបួសឈ្មោះ លី ហេង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិឃុំជាមួយគ្នា បច្ចុប្បន្ន វត្ថុតាងម៉ូតូ និងរថយន្តរក្សាទុកជាបណ្ណោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ចំណែកអ្នកបើកបររថយន្តសង្ស័យបង្កហេតុដែលបានគេចខ្លួន ត្រូវបានគេដឹងល្ហៀងៗនៅម្ដុំឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

  ដោយឡែក៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ លោក ហាប់ គ្រីម ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិរលាំង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ត្រូវជាឪពុកក្មេកជនរងគ្រោះ(ស្លាប់)ម៉ូត ឡឹប និងជាតំណាងជនរងរបួស(លី ហេង)បានបញ្ជាក់តាមទូរស័ព្ទនាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នេះថា គាត់បានដាក់ពាក្យបណ្ដឹងប្ដឹងភាគីបើកបររថយន្តបង្ក នៅមន្ត្រីនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីទាមទារជំងឺចិត្តចំនួន៤០លានរៀល រួមគ្នាជាមួយជនរងរបួសផង រួមទាំងការខូចខាតម៉ូតូផងដែរ ។ គាត់ជឿជាក់លើភាគីបើកបរថយន្តបង្កពិតបានដឹង និងយល់អំពីកំហុសខ្លួនឯងហើយ និងសំណូមពរទៅមន្រ្តីជំនាញ នគរបាលចរាចរណ៍ផ្លូវគោកមាននីតិវិធីឲ្យសុក្រិត និងមានយុត្តិធម៌ជូនដល់ជនរងគ្រោះ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖