រាល់ដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌារបស់ប្រធានាធិបតីរុស្ស៊ីគ្រប់ជំនាន់ គឺតែងតែនាំមកនៅអារម្មណ៍ស្និទ្ធស្នាល។ ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូនិងទីក្រុងញូវដេលី បានកើតឡើងតាំងពីសម័យកាលនៃសង្គ្រាមត្រជាក់ និងជាសម្ពន្ធមិត្តដ៏រឹងមាំរហូតមកទល់ពេលនេះ។
សារព័ត៌មាន BBC បានផ្សាយថា ទំនាក់ទំនងរវាងរុស្ស៊ីនិងឥណ្ឌាគឺជាជោគជ័យយ៉ាងធំធេងក្នុងវិស័យការទូត ហើយក៏ជាប្រធានបទសំខាន់ដែលប្រធានាធិបតីរុស្ស៊ីលោកពូទីនបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌា ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Narendra Modi នាថ្ងៃទី៦ខែធ្នូ។
នេះជាជាការបំពេញទស្សនកិច្ចទៅកាន់ក្រៅ ប្រទេសជាលើកទី២ របស់ប្រធានាធិបតីពូទីន ចាប់តាំងពីផ្ទុះការឆ្លងរាតត្បាត COVID-19 មក។ នៅក្រោមកិច្ចខិតខំប្រឹងប្រែងខ្ទប់ការកើនឡើងឥទ្ធិពលចិន, ទីក្រុងវ៉ាស៊ីនតោនបានបង្កើតក្រុមប្រទេស Quad ដែលមានជាសមាជិកដូចជាឥណ្ឌា, ជប៉ុន និងអូស្ត្រាលី។ ទោះជាមាន ទំនាក់ទំនងល្អជាមួយឥណ្ឌាក៏ពិតមែន តែរុស្ស៊ីធ្លាប់បានបង្ហាញការព្រួយបារម្ភជាច្រើនលើកមកហើយចំពោះ Quad។ ត្បិតទីក្រុងម៉ូស្គូយល់ថា Quad មិនត្រឹមតែមានគោលដៅលើ ចិនទេ តែក៏តម្រង់ទៅរករុស្ស៊ីផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូកាលពីខែកញ្ញាកន្លងទៅ, លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានប្រាប់លោក វ្ល៉ាឌីមៀ ពូទីន ថារុស្ស៊ីគឺជាមិត្តដ៏អស្ចារ្យ របស់ឥណ្ឌា។ នៅក្នុងជំនួបនៅថ្ងៃចន្ទនេះក្នុងទីក្រុងញូដេលី លោក ម៉ូឌី និងលោក ពូទីន ត្រូវបានគេរំពឹងថានឹងពិភាក្សាលើការប្រគល់ប្រព័ន្ធមីស៊ីល S-400 ដែលឥណ្ឌាបញ្ជាទិញពី រុស្ស៊ី, ការពង្រឹងទំនាក់ទំនងយោធា ថាមពល និងពាណិជ្ជកម្មជាដើម៕ដោយ៖ធីរីណា
រូបថត៖ AFP