ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿងបានបុកនិងឡេីងខឿនផ្លូវកល់ជាប់ទៅមុខលែងរួច ហេីយត្រូវរថយន្ត Toyota Prius មកបុកពីក្រោយថែមទៀត បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោងជាង១២:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចភ្លើងស្តុបឫស្សីផ្អែម ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-4550 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែរេចង្កូតឡេីងខឿនផ្លូវកល់ជាប់ទៅមុខលែងរួច ។ បន្ទាប់មកស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-1398 បេីកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងបានរេចង្កូតជ្រុលទៅបុករថយន្តសាំយ៉ុងពីក្រោយពេញទំហឹងទៀតបណ្ដាលឱ្យរថយន្ត Prius រងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ តែសំណាងល្អដែរដែលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ក៏ប៉ុន្តែភាគីរថយន្តបង្កទាំងពីរបែរជានិយាយប្រកែកយកតែត្រូវរៀងៗខ្លួនដេីម្បីទារយកសំណងផ្អេីលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍ ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងយករថយន្តទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ