ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង ០០និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំ ឆ្លូវ ត្រី សក័ ព. ស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវជាតិលេខ៥៧B ចន្ន្លោះបង្គោលគីឡូលេខ៦-៧ ឋិតក្នុងក្រុមទី១ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យស្លាប់បុរសម្នាក់នៅកន្លែងកើតហេតុ។
មន្រ្តីនគរបាលស្រុកកំរៀងបានឲ្យដឹងថា រថយន្តបង្កម៉ាកតូយ៉ូតាឡិចស៊ីសRx ៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2I.0908 បើកបរដោយឈ្មោះហុន ឆាន ភេទប្រុស អាយុ៥៣ រស់នៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងធ្វើដំណើរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុរថយន្តនេះបានបុកពីក្រោយរថយន្តម៉ាក NISSAN DIESEL ភ្លៅប្រាំ ពណ៌ក្រហម លឿង ពាក់លេខ3A.0034 ប ជ ធ្វើដំណើរស្របទិសគ្នាពីលិចទៅកើត បណ្តាលឲ្យស្លាប់ភាគីរថយន្តឡិចស៊ីស។ ចំណែកអ្នកបើកបរNISSAN DIESELរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចជំនាញអះអាងថា ករណីនេះកើតឡើងដោយមូលហេតុភាគីរថយន្តឡិចស៊ីសបើកបរមិនប្រយ័ត្ននិងប្រើប្រាស់ល្បឿនលឿនហួសកំណត់។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ទៅវាស់វែង យកវត្ថុតាងរថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំរៀង និងបានស្រាវជ្រាវរកគ្រួសារសពមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ប្រាថ្នា