ខេត្តរតនគិរី ៖ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តរតនគិរី និងដៃគូពាក់ព័ន្ធក្នុងការបោសសម្អាតមីន រំដោះផ្ទៃដីជូនប្រជាពលរដ្ឋត្រូវបានការកោតសរសើពីសំណាក់ឯកអគ្គរាជទូតអង់គ្លេស។
លោកស្រី Tina Redsaw ឯកអគ្គរាជទូតអង់គ្លេស ប្រចាំប្រទេសកម្ពុជា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តរតនគិរី និងដៃគូពាក់ព័ន្ធក្នុងការបោសសម្អាតមីន រំដោះផ្ទៃដីជូនប្រជាពលរដ្ឋ។ ការកោតសរសើរនេះធ្វើឡើងក្នុងឱកាសដែលលោកស្រីបានចូលរួមក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពវិស័យសកម្មភាពមីន រវាងអាជ្ញាធរមីន នឹងភាគីពាក់ព័ន្ធវិស័យសកម្មភាពមីនក្នុងខេត្តរតនគិរី នៅសាលប្រជុំសាលាខេត្តរតនគិរី នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។
លោកស្រីបានមានប្រសាសន៍បន្តថា កម្ពុជា និងចក្រភពអង់គ្លេស មានបេសកកម្មរួមគ្នាក្នុងការចូលរួមសង្រ្គោះជីវិតមនុស្សឱ្យរួចផុតពីគ្រោះថ្នាក់ ដោយសារមីននៅកម្ពុជា។ កន្លងមកចក្រភពអង់គ្លេសបានផ្តល់ថវិកាជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងន័យរួមចំណែកឆ្លើយតបនឹងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៥ កម្ពុជាគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើទឹកដីរបស់ខ្លួន។
ក្នុងឱកាសនោះ លោកគិត ទ្រី អភិបាលរងខេត្ត បានមានប្រសាសន៍ ថ្លែងអំណរគុណដល់លោកស្រីឯកអគ្គរាជទូត លោកអគ្គលេខាធិការអាជ្ញាធរមីន ក្រុមប្រតិបត្តិករជាតិ អន្ដរជាតិ ដែលបានចំណាយពេលវេលាដ៏មមាញឹកចូលរួមកិច្ចប្រជុំនាឱកាសនេះ ក៏បានលើកឡើងពីស្ថានភាពទូទៅក្នុងខេត្ត និងវឌ្ឍនភាពលើវិស័យសកម្មភាពមីននៅខេត្តរតនគិរី ដែលមកដល់ពេលបច្ចុប្បន្ន ការបោសសម្អាតមីនសម្រេចបានចំនួន ២៧,១៥៧,៦៧៦ម៉ែត្រការ៉េ ដែលមានមីនប្រឆាំងមនុស្ស២៦១គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន១៤,០៩៤គ្រាប់។
ជាមួយគ្នានេះផងដែរ លោកព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន ដែលបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេសដែលបានចូលរួមចំណែកជួយដល់ការងារបោសសម្អាតមីននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ លើផ្ទៃដីជាង១២២គីឡូម៉ែត្រក្រឡា និងរកឃើញគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជិត៧ម៉ឺនគ្រាប់។ លោកក៏បានស្នើសុំឱ្យចក្រភពអង់គ្លេស បន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន (២០១៨-២០២៥) ដើម្បីឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្មានមីននៅឆ្នាំ២០២៥។
លោកក៏បានកោតសរសើរចំពោះប្រតិបត្តិករដោះមីន ក្រុមការងារ (MAPU) ក្រុមការងារផែនការសកម្មភាពមីនថ្នាក់ខេត្ត ស្រុក មន្ទីរ ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍នានា ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ច របស់ខ្លួនដែលទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ។
ជាក់ស្ដែង នៅក្នុងទឹកដីនៃខេត្តរតនគិរីមានតំបន់សង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានផ្ទៃដីនៅសល់សរុប ៥៩.២គីឡូម៉ែត្រការ៉េ ក្នុងនោះចម្ការមីន ២.៧គីឡូម៉ែត្រការ៉េ ចម្ការគ្រាប់បែកចង្កោម ៥៥.២គីឡូម៉ែត្រការ៉េ និងចម្ការសំណល់ជាតិផ្ទុះពីសង្រ្គាម ១.៣គីឡូម៉ែត្រការ៉េ៕
ដោយ៖ មាស សុផាត