ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៧-៨ខែមករាឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ 

នៅក្នុងជំនួបនោះ សម្ដេចតេជោ និង លោក វុនណា ម៉ោងលីន (Wunna Maung Lwin) បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីផង និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ាផង ។ សម្ដេចតេជោ និងលោក វុនណា ម៉ោងលីន បានពិភាក្សាគ្នាអំពីបញ្ហាអាស៊ានផងដែរ ដើម្បីស្វែងរកមធ្យោបាយ ធ្វើយ៉ាងណាអោយអាស៊ានមានកិច្ចសហប្រតិបត្តិការល្អ មានសាមគ្គីភាពល្អឡើងវិញ។ 

ក្នុងឱកាសនោះផងដែរលោករដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ក៏បានគោរពជូនសម្ដេចតេជោនូវលិខិតរបស់លោកប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជូនសម្ដេចតេជោ ដើម្បីអញ្ជើញសម្ដេចតេជោ ទៅធ្វើទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៧-៨  ខែមករា ឆ្នាំ២០២២ ខាងមុខ។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្ដេចនឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ខាងមុខ តបតាមការអញ្ជើញនោះ៕

ដោយ៖ សូរិយា


ចែករំលែក៖