ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូចូលរួមរំលែកព្រះមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០នាទីព្រឹក (ត្រូវនឹងម៉ោង៣:៤០នាទីល្ងាច ម៉ោងនៅភ្នំពេញ) ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងសហការី សូមចូលរួមរំលែក ព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ ជាព្រះជាយា និងព្រះរាជបុត្រា ព្រះរាជបុត្រីព្រះនត្តា ព្រមទាំង ព្រះរាជវង្សានុវង្ស ប្រកបដោយអនិច្ចលក្ខណធម៌សង្វេគសោកស្តាយស្រណោះអាឡោះអាល័យស្ទើររក ទីបំផុតគ្មាន ព្រោះថាការយាងសោយទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សានុវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់តែងសព្វព្រះរាជហឫទ័យចូលរួមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិការមោះមុត និងវាងវៃ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងសហការី សូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គឆាប់យោនយកកំណើតក្នុងព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ស តារា