ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ផឹកស្រាស្រវឹងក៏នឹកសង្សារ ហើយក៏បានទូរស័ព្ទទៅរកសង្សារ តែខាងប្រុសរវល់មិនបានលើកទូរស័ព្ទ ធ្វើឱ្យនាងខឹងគិតថាសង្សាររបស់នាងមានអ្នកថ្មី និងនៅក្បែរអ្នកថ្មីទើបមិនហ៊ានលើកទូរស័ព្ទរបស់នាង។ គិតឃើញដូច្នេះ ទើបនាងតូចចិត្តគិតខ្លីឡើងទៅលើស្ពានជ្រោយចង្វាចាស់ ស្រែកទ្រហោយំនិងប៉ងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែត្រូវប្រជាពលរដ្ឋដែលធ្វើដំណើរកាត់ទីនោះស្ទុះទៅឃាត់ទាន់ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នារីវ័យក្មេងដែលគិតខ្លីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
ប៉ុន្តែតាមប្រភពពីមិត្តភក្ដិរបស់នារីដែលប៉ងលោតទឹកសម្លាប់ខ្លួនបានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានឈ្លោះប្រកែកនិងចោទសង្សារថាបានលួចទាក់ទងអ្នកថ្មី។ បន្ទាប់មកនាងក៏បានបបួលមិត្តភក្តិប្រុសស្រីផ្សេងទៀតជិះម៉ូតូពីសង្កាត់ព្រែកព្នៅ មកអង្គុយផឹកស្រាក្រឡុកនៅតាមផ្លូវទៅអូតែលសុខា ។ លុះពេលនាងស្រវឹង ក៏បានខលទៅសង្សារឱ្យមកជួបនាង និងយកនាងត្រឡប់ទៅផ្ទះវិញផង តែបុរសជាសង្សារជាប់រវល់ការងារនិងមិនទាន់ចប់ម៉ោងទើបមិនបានលើកទូរស័ព្ទ ធ្វើឲ្យនាងខឹងគិតថាសង្សារមានអ្នកថ្មី ក៏លួចឡើងទៅលើស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែសំណាងល្អត្រូវបានប្រជាពលរដ្ឋជួយឃាត់ទាន់ ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលនារីវ័យក្មេងដែលប៉ងលោតទឹកសម្លាប់ខ្លួនខាងលើយំសោកបោកខ្លួន រហូតទាល់តែសង្សារនាងមកដល់លួងលោមអង្វរ.ករ ទើបនាងព្រមស្តាប់តាម និងលែងមានគំនិតចង់បញ្ចប់ជីវិតទៀត ហើយបុរសជាសង្សារក៏ឌុបនាងត្រឡប់ទៅផ្ទះវិញទៅ៕
ដោយ៖ជ្រោយពេជ្រ