ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ សេចក្ដីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការផ្ដល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព លោក សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោកតំណាងឲ្យក្រសួងមហាផ្ទៃ លោកស្រីតំណាងឲ្យលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លោក សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្ដីរាជការដែលអញ្ជើញមកពីចូលរួមចំនួន៥ខេត្ត គឺខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ។
ការផ្សព្វផ្សាយលើបែបបទ និងនីតិវិធីការគ្រប់គ្រងលើការអនុវត្តមុខងារក្នុងវិស័យដឹកជញ្ជូនផ្លូវគោក នាពេលនេះ មានមុខងារចំនួន៤ រួមមាន៖ (១)ការគ្រប់គ្រងការចុះបញ្ជី និងការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល កែច្នៃដំឡើងទោចក្រយានយន្ត (២)សេវាចុះបញ្ជីទោចក្រយានយន្ត (ចុះបញ្ជី ប្តូរទុតិយតា និងតតិយតាបណ្ណសម្គាល់ ប្តូរ ទុតិយតា និងតតិយតាផ្លាកលេខ) (៣)សេវាចុះបញ្ជីត្រីចក្រយានយន្ត និងរ៉ឺម៉កទោចក្រយានយន្ត(ចុះបញ្ជីត្រីចក្រយានយន្ត ចុះបញ្ជីរ៉ឺម៉កទោចក្រយានយន្ត ប្តូរ ទុតិយតា និង តតិយតាបណ្ណសម្គាល់ត្រីចក្រយានយន្ត ប្តូរ ទុតិយតា និងតតិយតាផ្លាកលេខសម្គាល់ត្រីចក្រយានយន្ត និងរ៉ឺម៉កទោចក្រយានយន្ត) និង (៤)ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក(ប្រគល់ ទុតិយតា និងតតិយតា វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណ:បច្ចេកទេស)៕
ដោយ ៖ សិលា