ភ្នំពេញ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងអប់រំយុវជននិងកីឡា បានបង្ហោះលើផេកផ្លូវការថា, ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តឆ្នាំ២០២១ ក្រោមប្រធានបទ “ស្ម័គ្រចិត្តឥឡូវនេះដើម្បីអនាគតរួមរបស់យើង” បានប្រារព្ធឡើង ដើម្បីអបអរសាទរការងារស្ម័គ្រចិត្ត បង្កើនការយល់ដឹងអំពីផលវិជ្ជមានរបស់អ្នកស្ម័គ្រចិត្តទៅលើការអភិវឌ្ឍសង្គមជាតិ និងចែករំលែកការយល់ដឹងអំពីអត្ថប្រយោជន៍ គុណតម្លៃ និងការរួមចំណែកដ៏សំខាន់នៃការងារស្ម័គ្រចិត្តទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលពិភពលោកកំពុងតែប្រឈម។
លោករដ្ឋមន្ត្រីបានថ្លែងថា, ក្នុងព្រឹត្តិការណ៍ថ្ងៃនេះនឹងមានសកម្មភាពជាច្រើន រួមទាំងការចែករំលែកពីរឿងរ៉ាវជំរុញទឹកចិត្ត និងបទពិសោធន៍អំពីអ្នកស្ម័គ្រចិត្ត ការប្រកួតផ្តាច់ព្រ័ត្រកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ និងការជជែកពិភាក្សាជាក្រុមរបស់វាគ្មិនសំខាន់ៗ ដើម្បីចែករំលែកបទពិសោធន៍ និងយន្តការការងារស្ម័គ្រចិត្ត។
សូមបញ្ជាក់ថា, កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានលោក Robert Gilleng នាយកផ្នែកយុទ្ធសាស្ត្រ គុណភាពកម្មវិធី និងអភិវឌ្ឍន៍ធនធាន អង្គការទស្សនៈពិភពលោក លោកជំទាវថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងៗ។
ព្រឹត្តិការណ៍នេះរៀបចំដោយនាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលនៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការ និងគាំទ្រដោយអង្គការវីអេសអូកម្ពុជា អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា អង្គការឌីវីវី ទីភ្នាក់ងារភីសខ័រ សហរដ្ឋអាមេរិក និងអង្គការទស្សនៈពិភពលោក៕
ដោយ ៖ សិលា