ខេត្តបាត់ដំបង៖ បេីយោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធទី០៨ ខែធ្នូ ឆ្នាំ២០២១នេះបានឱ្យដឹងថា មានករណីផ្ទុះអាវុធជាង២០គ្រាប់ បង្កការភ្ញាក់ផ្អើលទាំងយប់ ក្នុងភូមិសាស្ត្រស្រុកសំឡូត ដោយសារតែឪពុកក្មេកមានទំនាស់ពាក្យសម្តីគ្នាជាមួយកូនប្រសា ហេីយជនបង្កហេតុបានគេចចូលព្រៃក្រាស់បាត់ ដែល ពេលនេះកម្លាំងជំនាញកំពុងតែមមាញឹកចុះស្រាវជ្រាវស្វែងរកជនបង្ក ដេីម្បីតាមចាប់ខ្លួនយកមកដាក់ទោសតាមនីតិវិធីច្បាប់។
សេចក្តីរាយការណ៍ដដែលបានបន្តថា ជនបាញ់បោះសេរីខាងលើនេះ បន្ទាប់ពីផឹកស្រាស្រវឹងជោកជាំមក បានមានទំនាស់ពាក្យសម្តីគ្នាជាមួយកូនប្រសា ហើយក៏ទាញកាំភ្លើងអាកាបាញ់ឡើងលើជាច្រើនគ្រាប់កាលពីវេលាម៉ោងប្រមាណ០៨យប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះជនបង្កហេតុផ្ទាល់ ស្ថិតក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុពិនិត្យឃើញថា ជនសង្ស័យបានប្រើប្រាស់អាវុធខុសច្បាប់ ប្រភេទ AK-47 ដោយនគរបាលបានរកឃើញសំបកគ្រាប់ដែលបាញ់រួចមានរហូតដល់ទៅ២១គ្រាប់ឯណោះ។
សមត្ថកិច្ចមូលដ្ឋានបានបន្ថែមថា៖ ករណីខាងលើនេះសមត្ថកិច្ចជំនាញកំពុងតែដុតដៃដុតជើងក្នុងការស្វែងរកដោយប្រុងប្រយ័ត្ន ពិសេសនៅក្នុងព្រៃក្រាស់ៗក្បែរតំបន់កើតហេតុ ព្រោះជនបង្កហេតុបានទាំងនាំយកកាំភ្លើងជាប់ទៅជាមួយផង៕
ដោយ៖អរុណរះ