ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញចូលរួមព្រះរាជពិធីបូជាព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅព្រះមេរុ មុខវត្តបទុមវត្តី ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមព្រះរាជាធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងសោយព្រះទិវង្គត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំងវេលាម៉ោង ៣:៤០នាទី ម៉ោងនៅកម្ពុជា ក្នុងព្រះជន្ម៧៧ព្រះវស្សា។
សូមបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ សូមព្រះអង្គយោងទៅកាន់ព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
យោងតាមកម្មវិធីបុណ្យ ព្រះសពសម្តេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ត្រូវរំកិលឡើងលើព្រះទីនាំរថយន្តបុស្បុកនិងដង្ហែនៅម៉ោង៥និង០០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី១ ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៧ និងប្រធានសភាជាតិពីឆ្នាំ១៩៩៨ ដល់ ឆ្នាំ ២០០៦។
ដើម្បីជាការដឹងគុណ និងចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រះអង្គ រាជ រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០ ២១ ជាថ្ងៃកាន់ទុក្ខជាតិ ដោយតម្រូវឱ្យគ្រប់ក្រសួង សា្ថប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជន ទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទីវត្តអារាម ព្រម ទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់ កណ្តាលដង។
គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និង ឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយនូវ ទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយ គគ្រឹកគគ្រេង ខណៈអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ដ រង្គសាល និងបៀហ្គាឌិននៅទូទាំងប្រទេសផ្អាកអាជីវកម្ម ភោជនីយដ្ឋាននិងអាហារដ្ឋាន ទេស ចរណ៍ ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធដល់សម្តេចក្រុមព្រះ៕
ដោយ ៖ សិលា