ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញ ក.ប.ប. បន្តរកឃើញ និងដកហូតបាននូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជិត ៤០០គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ជិត ៥០លីត្រនៅលើទីផ្សារ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងថា​ ដើម្បីបន្តការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម និងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តរតនៈគិរី ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគប្រើប្រាស់ដែលដាក់ចរាចរលក់នៅលើបណ្ដាទីផ្សារដែលស្ថិតនៅតាមបណ្ដាទីផ្សាររបស់ខ្លួន។ 

ជាក់ស្ដែង​យោងទៅតាមលទ្ធផលនៃការចុះត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣៩១.២៨គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៤៧.៥លីត្រ។ ដោយឡែក​រាល់ទំនិញខាងលើត្រូវបានមន្រ្តីជំនាញធ្វើការដកហូតមករក្សាទុកដើម្បីចាត់ចែងតាមនីតិវិធី និងធ្វើការពិន័យអន្តរការណ៍ផងដែរ។

ជាមួយគ្នានេះ​ នៅថ្ងៃដដែល​នោះ​ មន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំខេត្តតាកែវ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ​ និហដេប៉ូ ប្រេងឥន្ធន:​ នានាដែលកំពុងប្រកបអាជីវកម្មក្នុងភូមិសាស្ត្រ​ ស្រុកត្រាំកក់ ខេត្តតាកែវ ស្រុកព្រះស្តេច និងស្រុកពាមជរ ខេត្តព្រៃវែង​ និងរាជធានីភ្នំពេញ។ 

យោងតាមលទ្ធផលនៃការត្រួតពិនិត្យ​ មន្រ្តីជំនាញបានរកឃេីញដេប៉ូចំនួន៨​ បានលក់ប្រេងជូនអតិថិជនមានកម្រិតលំអៀងផ្នែកបរិមាណ​ និងដេប៉ូចំនួន៤​ ដាក់លក់ប្រេងជូនអតិថិជនលេីសតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម។ 

ក្រោយប្រតិបត្តិការ​ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ចំពោះម្ចាស់អាជីវកម្មដែលប្រព្រឹត្តល្មើស​ និងតម្រូវឱ្យធ្វេីកិច្ចសន្យាកែតម្រូវផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖