ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងប្រៃសណីយ៍ ៖ ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ ក្រសួងនឹងផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សទៅប្រៃសណីយ៍កម្ពុជា ដើម្បីបន្តចែកចាយ និងអាចផ្តល់បន្ថែមនូវសេវាកម្មដឹកជញ្ជូន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ មក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចែកចាយឧបករណ៍តេស្គរហ័ស អង់ទីហ្សែនកូវីដ-១៩ ដែលបានធ្វើឱ្យឧបករណ៍តេស្ដរហ័សមានភាពសំបូរនិងបន្សំទៅនឹងតម្លៃទីផ្សារ ហើយក្រសួង ស្ថាប័ន រោងចក្រ សហគ្រាសនានា និងប្រជាជនទូទៅមានលទ្ធភាពក្នុងការទិញយកទៅធ្វើតេស្ត និងបានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។ បច្ចុប្បន្ន ក្រសួងកំពុងចែកចាយ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ និង Wondfo ផលិតនៅ ប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន។

ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ ក្រសួងនឹងផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សទាំងពីរ ប្រភេទនេះទៅប្រៃសណីយ៍កម្ពុជា ដើម្បីបន្តចែកចាយ និងអាចផ្តល់បន្ថែមនូវសេវាកម្មដឹកជញ្ជួន។ សម្រាប់សាធារណជន ដែលបានបញ្ជាទិញនិងទូទាត់រួចមុនកាលបរិច្ឆេទខាងលើ សូមមកទទួលឧបករណ៍តេស្តរហ័សនៅទីស្តីការក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍។

ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជនអាចបន្តបញ្ជាទិញឧបករណ៍តេស្ដរហ័សតាមប្រព័ន្ធស្វ័យប្រវត្តិកម្មដែលធ្លាប់ ប្រើប្រាស់ពីមុនមក មានតំណភ្ជាប់ mptc.gov.kh/rt ឬ អញ្ជើញទិញដោយផ្ទាល់នៅប្រៃសណីយ៍កម្ពុជា ដែលមាន អាសយដ្ឋាន វិថីព្រះអង្គអេង (១៣) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ទូរសព្ទលេខ ០៩៦ ៦៥៩ ២៧៣៣/ ០១៥ ២៧៩ ៩២៧ ជារៀងរាល់ម៉ោងធ្វើការ ឬតាមដានទំព័រហ្វេសបុករបស់ ប្រៃសណីយ៍កម្ពុជា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖