ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តCRVពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានបេីករថយន្តម៉ាកCRVក្នុងល្បឿនលឿនមិនប្រយ័ត្នរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យដាច់កង់ម្ខាងចំណែករបាំងថ្មរងការខូចខាតចំនួន១កង់។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ២០២១​ នៅចំណុចមុខស្ថានទូតជប៉ុន​ តាមបណ្តោយផ្លូវព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​  ខណ្ឌចំការមន​  រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តមួយគ្រឿងម៉ាកCRV ពណ៌គ្រាប់អម្ពិល​ ពាក់ស្លាកលេខភ្នំពេញ2AV- 3785 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជេីងដោយប្រើល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្តងបណ្តាលឱ្យរថយន្តដាច់កង់ខាងមុខផ្នែកខាងឆ្វេងចេញពីរថយន្ត ហេីយរថយន្តមិនទាន់អស់ល្បឿនក៏រេទៅខាងស្តាំដៃវិញបន្តឡេីងខឿនផ្លូវផ្ទុះពោងសុវត្តិភាពទៅមុខលែងរួច។ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតចំនួនមួយកង់  ហើយសំណាងល្អដែរដែលមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុម្ចាស់រថយន្តបង្កបានចុះពីលេីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖