ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានតាមប្រមាញ់ និងស្រាវជ្រាវរុករកមុខសញ្ញាដែលបានបាញ់រះដោយកាំភ្លើងអាកាអស់ជាង២០គ្រាប់ រួចរត់គេចខ្លួន បង្កការភ្ញាក់ផ្អើលពេញស្រុកសំឡូតនោះ ពេលនេះបានប្រទះឃើញកាំភ្លើងហើយ កាលពីល្ងាចថ្ងៃទី៨ខែ ធ្នូ ឆ្នាំ២០២១ បន្ទាប់ពីជនបង្កបានយកទៅប្លុងចោលក្នុងគុម្ពោធព្រៃ។
ការបាញ់រះជាច្រើនគ្រាប់នេះត្រូវបានអ្នកភូមិលួចបង្ហើបឲ្យដឹងថា កើតឡើងកាលពីយប់ថ្ងៃទី៦ខែធ្នូឆ្នាំ២០២១ នៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសារជនសង្ស័យមានការទាស់សម្តីជាមួយកូនប្រសាផង និងមកពីគាត់ផឹកស៊ីស្រវឹងផង។ ខណ:នោះជនសង្ស័យរូបនេះបានទាញកាំភ្លើងAK.47ដែលលាក់ទុកខុសច្បាប់មកបាញ់ឡើងលើតែម្តង ដែលសមត្ថកិច្ចបានរកឃើញសំបកកាទុស្ស សរុបចំនួន២១គ្រាប់ រួចបានរត់គេចខ្លួនចូលព្រៃបាត់ទាំងយប់តែម្តង។
មន្តី្រនគរបាលព្រហ្មទណ្ឌស្រុកសំឡូតបានឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ចតាមស្រាវជ្រាវរុករកអស់មួយរយ:យូរម៉ោង រហូតដល់ល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ទើបកម្លាំងជំនាញសហការជាមួយកម្លាំងអន្តរាគមន៍ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញ បានរកឃើញកាំភ្លើងAK-47 (ស្វ័យបត់) ១ដើម ពុំមានបង់ដែលជនសង្ស័យឈ្មោះ សុខ គង់ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិ ឃុំខាងលើបានបោះចោលនៅចំណុចក្នុងព្រៃខាងក្រោយផ្ទះ ចម្ងាយប្រហែល៥០០ម៉ែត្រ។
ចំណែកជនសង្ស័យកំពុងគេចខ្លួនហើយសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួននៅឡើយ ៕
ដោយ ៖ ប្រាថ្នា