ក្រសួងការបរទេសចិនបានប្រកាសថា អាមេរិក អូស្ត្រាលី និងអង់គ្លេស នឹង«ត្រូវសងនូវតម្លៃ» ដែលមិនបញ្ជូនមន្ត្រីរបស់ខ្លួនទៅចូលរួម ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងនៅឆ្នាំ២០២២។
អាមេរិកគឺជាប្រទេសទីមួយដែលសម្រេចមិនបញ្ជូនមន្ត្រីការទូតរបស់ខ្លួនទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកនៅថ្ងៃទី៦ខែធ្នូ ។ បន្ទាប់មកសម្ពន្ធមិត្តរបស់អាមេរិក គឺអូស្ត្រាលី និងអង់គ្លេស ក៏បានដើរតាមគន្លងអាមេរិកធ្វើពហិការអូឡាំពិកទីក្រុងប៉េកាំងផងដែរ។
មន្ត្រីការបរទេសចិនបានប្រកាសនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី ៩ខែធ្នូ ថា «អាមេរិក អង់គ្លេសនិងអូស្ត្រាលី បានប្រើប្រាស់ព្រឹត្តិការណ៍ កីឡាដើម្បីសម្រេចគោលដៅនយោបាយរបស់ខ្លួន ។ ប្រទេសទាំងនោះ នឹងត្រូវសងនូវតម្លៃពីសកម្មភាពរបស់ខ្លួន»។
សារព័ត៌មានរ៉យទ័របានផ្សាយថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន នឹងទីក្រុងប៉េកាំងកាន់តែអាក្រក់ក្រោមរដ្ឋកាលដឹកនាំរបស់លោកដូណាល់ត្រាំ ។ ជាមួយគ្នានេះរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន ក៏បានបន្តនយោបាយប្រឈមមុខជាមួយចិនទៀត។ នៅពេលនេះដែរ ប្រទេសទាំងបីមិនទាន់មានប្រតិកម្ម ចំពោះការព្រមានពីប្រទេសចិននោះឡើយ។
ការណ៍ដែលប្រទេសទាំងបី មិនចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដោយប្រទេសទាំងបីបានចោទប្រកាន់ចិនថាបានរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ។ បើទោះបីប្រទេសទាំងបីមិនបញ្ជូនតំណាងទៅចូលរួម តែក្រុមកីឡាករនៅតែទៅចូលរួមប្រកួតធម្មតា ៕ ដោយ៖ធីរីណា
រូបថត៖ Reuters