ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោកបើកយុទ្ធនាការចែកមួកសុវត្ថិភាព

ចែករំលែក៖

ខេត្តរតនគិរី៖ នគរបាលចរាចរណ៍ផ្លូវគោកខេត្តបានបន្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ។

ដោយសារប្រទេសជាតិមានការរីកចម្រើន កំណើនយានជំនិះបានកើនឡើងជាបន្តបន្ទាប់ ហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏បានកើនឡើងផងដែរ។

  ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សហការជាមួយនគរបាលចរាចរណ៍ខេត្ត បានបន្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមឆ្លើយសំណួរ។

គោលបំណងនៃការបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនេះគឺដើម្បីពញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ 

ពិធីនេះធ្វើឡើងនៅផ្លូវបំបែកជាបួនរង្វង់មូលក្រុងបានលុងក្រោមអធិបតីភាពលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងមានការចូលរួមពីលោកមេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ចៅសង្កាត់ លោកលោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

   លោកអភិបាលខេត្តបានមានប្រសាសន៍ថា យុទ្ធនាការអប់រំផ្សព្វផ្សាយ នេះធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់។ រាល់ពេលបើកបរធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

 ក្រុមការងារបានរៀបចំកម្មវិធី សំណួរចម្លើយពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីទទួលបានមួកសុវត្ថិភាព និងរង្វាន់ផ្សេងទៀត ព្រមទាំងចែកជូននូវឯកសារពាក់ព័ន្ធ និងច្បាប់ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោកថ្មី។

  ក្នុងយុទ្ធនាការខាងលើនេះមានមួកសុវត្ថិភាពចំនួន១៩០មួក សៀវភៅស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកចំនួន១៥០ក្បាល សៀវភៅអ្វីដែលអ្នកបើកបរត្រូវយល់ដឹង ចំនួន១៥០ក្បាល ស្ទីកឃ័រចំណាំងផ្លាត ចំនួន១៥០សន្លឹក ខិត្តប័ណ្ណសីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ចំនួន១៥០សន្លឹក សញ្ញាចរាចរណ៍សំខាន់ៗចំនួន៦០ផ្ទាំង ស្ទីកគ័រពាក្យស្លោក ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន១៥០ផ្ទាំង ប្រការសំខាន់ៗដែលត្រូវចងចាំ ចំនួន១៥០សន្លឹក ខិត្តប័ណ្ណសុវត្ថិភាពការធ្វើដំណើរតាមរថយន្ដរដូវកាលកូវីដ-១៩ ចំនួន១៥០សន្លឹក និងប៊ិកចំនួន១៥០ដើមផងដែរ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖