ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា ម៉េន កានី ប្តឹងសុំលែងប្រពន្ធដើមទៅយកប្រពន្ធចុង តែត្រូវប្រពន្ធដើម ប្ដឹងឧកញ៉ាជាប្តីវិញ រឿងអំពើ«ផិតក្បត់» រឿងនេះ ធ្វើអោយប្រពន្ធយំមិនចេញទឹកភ្នែក ខណ:ប្តីយកស្រីថ្មីមកបញ្ឈឺ !

ចែករំលែក៖

ភ្នំពេញ៖ ស្រីណាមិនយំ ! ក្រំគ្រាចិត្ត ស្ទើរប្រេះទ្រូង ញញឹមមែនតែបេះដូងយំ យំមិននឹកស្មានដល់ថា ប្តីភ្លេចគ្រាក្រមិនបានស្រណោះដានស្នេហ៍ហែលប្រឹងរកសុីជុំគ្នា សូម្បីបន្តិច ! ឯណាទៅតំលៃជាបុរស ជាឪពុក ជាប្តី ស្រវ៉ាស្រីថ្មីភ្លេចគ្រាលំបាក តើក្នុងលោកនេះ មានបុរសប៉ុន្មាននាក់ទៅ ពេលមានបានបោះបង់ប្រព្រន្ធ និងកូនចោល ??? នេះជាការលើកឡើងរបស់ស្ត្រីម្នាក់ដែលគេស្គាល់ថាជាភរិយាលោកឧកញ៉ា ម៉េន កានី បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ កន្លងទៅ នៅហាងកាហ្វេក្រោយរបងសាលាដំបូងរាជធានីភ្នំពេញ ជាមួយក្តីអស់សង្ឃឹម មុខស្រងោតស្រង៉ាត់ សំពះអង្វរមេត្តាអោយខាងប្រព័ន្ធព័ត៌មានផ្សព្វផ្សាយរឿងនេះ អោយស្ត្រីដូចគ្នាបានដឹង អោយសង្គមបានយល់ពីបុរសចិត្តគ្មានក្តីមេត្តា។

ស្ត្រីខាងលើមក គឺក្នុងគោលបំណងស្វែងរកការជួយពន្លឿន លើសំណុំរឿងដែលលោកស្រីបានប្តឹងស្វាមីពីបទ(ផិតក្បត់) នៅហាងកាហ្វេមួយខាងក្រោយជាប់របងសាលាដំបូងរាជធានីភ្នំពេញ លោកស្រី យ៉ាន់ គឹមហួច បានជួបអ្នកសារព័ត៌មានដែលប្រចាំការនៅទីនោះ ហើយលោកស្រីបានទំលាយរឿងរ៉ាវដែលលោកស្រីមកតុលាការប្តឹងស្វាមី មានស្រីថ្មីក្បត់ប្រពន្ធកូន ។

អ្នកសារព័ត៌មាន ភ្ញៀវចូលហាងកាហ្វេ ឃើញទិដ្ឋភាពនេះបានត្រឹម អាណិត ស្រណោះ ប៉ុន្តែមិនមានសិទ្ធិណា ជ្រៀតជ្រែក គ្រួសារគេ ឬយល់ថា  ខាងណា ស ខាងណា ខ្មៅ ទេ ។ មានតែតុលាការមាសិទ្ធិថ្លឹងថ្លែង ត្រេះរិះ ពិចារណា តាមរយៈឆន្នានុសិទ្ធ តែប៉ុណ្ណោះ។ 

សូមបញ្ជាក់ថា លោកស្រី យ៉ាន់ គឹមហួច បានរៀបរាប់ថា មូលហេតុដែលលោកស្រីមកតុលាការនេះ គឺដើម្បីតាមមើលប្ដីលោកស្រី ឈ្មោះ ម៉េន កានី  ដែលតំណាងអយ្យការបានកោះហៅឲ្យចូល ខ្លួនមកឆ្លើយបំភ្លឺអំពីសំណុំរឿង « អំពើផិត» ដែលលោកស្រីបានដាក់ពាក្យប្ដឹងរួចហើយនោះ ។

 លោកស្រី យ៉ាន់ គឹមហួច បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១កន្លងទៅ លោកស្រីបានដាក់ពាក្យបណ្ដឹងចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញ មានកម្មវត្ថុ ក្នុងបណ្តឹង គឺប្ដឹងប្ដីលោកស្រី ដែលមាន ឈ្មោះ ម៉េន កានី មានងារជាឧកញ៉ាពីបទ « អំពើផិតក្បត់ » ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងចុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ នេះ

លោកស្រី យ៉ាន់ គឹមហួច បន្តថា លោកស្រីនិងប្ដី ម៉េន កានី បានចាប់ដៃគ្នាជាប្តីប្រពន្ធ ដោយរៀបការតាមផ្លូវច្បាប់អស់រយៈពេល ជាង១៥ឆ្នាំមកហើយ នឹងមានកូនក្នុងបន្ទុកចំនួន៤ នាក់ទៀតផង។ ជាង១៥ ឆ្នាំគ្រួសារមួយនេះរស់នៅក្នុងស្ថានភាពជីវភាពមធ្យម ល្អិកល្អើនមិនដែលមានបញ្ហាអ្វីនោះទេ លុះមកដល់ឆ្នាំ២០១៩ លោកប្ដីឈ្មោះ ម៉េន កានី បានឡើងបុណ្យសក្តិ និងមានងារជាឧញ៉ា គាត់ចេះតែរករឿងឈ្លោះប្រកែកជាមួយប្រពន្ធកូនជាបន្ត បន្ទាប់ ធ្វើអីមិនត្រូវចិត្តសោះ ។ 

ដោយមានការសង្ស័យចំពោះទង្វើលោកប្តីខុសប្លែកពីជាង១៥ឆ្នាំមុន លោកស្រីបានឃ្លាំមើលនឹងតាមដានរាល់សកម្មភាពរបស់លោកប្តី ទើបដឹងថាគាត់មានទំនា ក់ទំនងស្នេហាជាមួយស្រ្តីម្នាក់ឈ្មោះគីម ក្លាលីតា និងរួមសេវនកិច្ច រស់នៅជាមួយគ្នាដូចប្ដីប្រពន្ធ រួចបាត់ទៅហើយមកដល់សព្វថ្ងៃ ។  នៅពេលលោកប្តីមានលុយកាក់ នឹងមានយសសក្តិជាឧកញ៉ា លោកប្តីលបទៅមានស្រីថ្មីភ្លេចប្រពន្ធកូន ហើយតែងតែរករឿងនិងមិនឈប់ឈរ មិនតែប៉ុណ្ណោះលោកប្តីបានសុំយកស្រីនោះ ធ្វើ ជាប្រពន្ធទី២របស់គាត់ទៀតផង ប៉ុន្តែលោកស្រីបានបដិសេធដាច់អហង្កាមិនយល់ព្រមដាច់ខាត ដោយហៅថា (ភ្នំមួយមានខ្លាពីរ) ពិតជារស់នៅគ្មានសេចក្តីសុខ រវាងគាត់ជាប្រពន្ធដើម និងស្រីប្រពន្ធចុង ។

នៅពេលលោកស្រីមានភាពរឹងរុសជំទាស់ក្នុងការស្នើសុំ ពីសំណាក់លោកប្តីចង់យកស្រីម្នាក់នោះធ្វើជាប្រពន្ធ ចុងមិនបាន គាត់ក៏ដាច់ចិត្តចុះចេញពីផ្ទះចោលប្រពន្ធ កូន ទាំង ៤ នាក់ទៅរស់នៅជាមួយស្រីនោះពេញមុខតែម្ដង ដោយគ្មានអាណិតកូនៗ យំសុំអង្វរឲ្យលោកឪពុកមករស់នៅផ្ទះវិញនោះដែរ ។ មិនតែប៉ុណ្ណោះលោកប្តីតែងតែផ្ញើសារមកថា ចង់យកស្រីឈ្មោះ គីម ក្លាលីតា ធ្វើជាប្រពន្ធទី២ ដែលលោកស្រីមិនព្រមព្រោះវាខុសទាំងច្បាប់ ខុសទាំងសីលធម៍សង្គមទៀតផង ។ នៅពេលលោកប្តីងារ ឧកញ៉ា កំពុងវក់វីនិងស្រីថ្មីនោះ ប្ដីលោកស្រីក៏បានដាក់ពាក្យបណ្ដឹងប្តឹងសុំលែងលះគាត់ជាប្រពន្ធដើម ដើម្បីទៅយកស្រីថ្មីពេញមុខពេញមាត់ និងពេញសិទ្ធតែម្ដង ។

លោកស្រីមិនអស់ចិត្តដោយរងនូវភាពអយុត្តិធម៍ ពីសំណាក់លោកឧកញ៉ាជាប្ដីស្របច្បាប់ ប្ដឹងសុំលែងលះប្រពន្ធ ក្នុងពេលលោកស្រីទេីបសំរាលកូនស្រីបាន១ខែ ទាំងសសៃនៅខ្ចី ដែលពុំមានមនុស្សធម៍នោះ ។ មិនតែប៉ុណ្ណោះ ក្នុងបណ្ដឹងសុំលែងលះប្រពន្ធដើម របស់លោកឧកញ៉ា ម៉េន កានី បានបែងចែកទ្រព្យសម្បត្តិមិនស្មេីភាពទេ ដោយលោកប្តីព្យាយាម លាក់បាំងទ្រព្យរបស់ជាច្រេីន ដេីម្បីទុកសុីចាយជាមួយស្រីថ្មីយ៉ាងហុឺហា ដែលចំណុចនេះលោកស្រីមិនសុខចិត្តទាល់តែសោះ ។

លោកស្រី យ៉ាន់ គឹមហួច បានបន្តថា ដោយរងនូវភាពអយុត្តិធម៍លោកប្តីមានស្រីថ្មី ប្តឹងសុំលែងប្រពន្ធដើមហើយ លាក់បាំងក្នុងការបែងចែកព្រទ្យសម្បត្តិទៀត លោកស្រីបានដាក់ពាក្យប្ដឹងទៅ តុលាការវិញ ដេីម្បីរក្សា ការពារទ្រព្យសម្បត្តិរួម ក៏ដូចជាភាគហ៊ុន ដែលលោកឧកញ៉ា ម៉េន កានី ជាម្ចាស់ ក្រុមហ៊ុន ជី អឹម ត្រេឌីង ឯ.ក (GM trading Co. ltd,)ដោយ ហាមឃាត់ជាបណ្ដោះអាសន្ន មិនឲ្យធ្វេីការ លក់ ដូរ ជួល បញ្ចាំ ផ្ទេរកម្មសិទ្ធិ ហុីប៉ូតែក ធ្វេីជា អំណោយ បំបែកក្បាលដី និង សាងសង់សំណង់អគារ លេីអចលនទ្រព្យទាំងអស់ឡេីយ ។ ដូចជាដីស្ថិតភូមិស្រែដូនតូច សង្កាត់ ពញ្ញាពន់ ខណ្ឌ័ព្រែកព្នៅ រាជធានីភ្នំពេញជាដើម ដែលបច្ចុប្បន្នកំពុងសហការជាមួយលោកឧកញ៉ា ភារម្យវិចិត្រតារា អភិវឌ្ឍន៏អាជីវកម្មលំនៅដ្ឋានលក់ឲ្យអតិថិជននោះ ។ ដោយមានការឈឺចាប់ដូចបានរៀបរាប់តាមអង្គហេតុខាងលើនេះ ទើបលោកស្រីដាច់ ចិត្តទំលាយរឿងរ៉ាវជីវិតគ្រួសារលោកស្រី ប្រាប់អ្នកសារព័ត៌មានឲ្យធូទ្រូងខ្លះ នឹងដើម្បីឲ្យជួយចុះផ្សាយនូវរឿងដ៏អយុត្តិធម៍សម្រាប់ស្រ្តីជាប្រពន្ធដើម។ លោកស្រីបានលើកដៃប្រណមបួងសួង សូមការជួយអន្តរាគមន៍ពីសម្ដេចពុក សម្តេចម៉ែ នឹងក្រសួងពាក់ពន្ធកិច្ចនារី សូមលោកជួយរកយុត្តិធម៍ឲ្យនាងខ្ញុំផង ប្តីមានស្រីចុះចោលផ្ទះ ហើយប្តឹងសុំលែងលះប្រពន្ធកូន ដោយកិបកេងទ្រព្យសម្បត្តិ ដើម្បីយកទៅផ្គាប់ចិត្តស្រីថ្មី តេីនោះជាបេះដូងឧកញ៉ា ជាភរិយា ជាប្ដីក្នុងលោក ដែលមិនអាណិតប្រពន្ធកូន ធ្លាប់ក្រ លំបាក រស់នៅកំសត់កម្រ ស៊ីអត់ស៊ីឃ្លានជាមួយគ្នាជាង១៥ឆ្នាំកន្លងនោះទេឬ ? ពេលនេះលោកប្តីមានមុខមានមាត់ មានងារជាឧកញ៉ា ស្រវ៉ាយកស្រីថ្មីចោលប្រពន្ធកូន៤ នាក់ដោយមិនអាសូរ ។

សូមបញ្ជាក់ថា រឿងអ្នកស្រីប្តឹងលោកប្តីមានងារជាឧកញ៉ានេះ ពីបទ អំពើ ផិតក្បត់ គឺរងចាំតែ តុលាការកោះហៅឲ្យចូលខ្លួន ឡើងសវនាការតែប៉ុណ្ណោះ ចាំមើលតើតុលាការអាចរកយុតិ្តធម៏ជូនលោកស្រីជាប្រពន្ធដើមបានដែរឬទេ។

នៅក្មេងពាក្យបណ្តឹងដាក់ចូលព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រីបានបញ្ជាក់ថា,  នាងខ្ញុំ និងឈ្មោះ ម៉េន កានី បានរៀបការនឹងគ្នាជាប្តីប្រពន្ធ និងបានចុះសំបុត្រអាពាហ៍ពិពាហ៍ តាមច្បាប់ ដែលមានសំបុត្រអាពាហ៍ពិពាហ៍លេខ ៤០ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៦។ បន្ទាប់ពីរស់ នៅជាមួយគ្នាអស់រយៈពេលជាង១៥ឆ្នាំកន្លងទៅ ពួកយើងមានកូន ០៤នាក់ រូមានឈ្មោះ កានី សាស្តា , កានី វីរៈបុត្រ, ផានី វីរៈយុទ្ធ និង កានី ដេលីឡា ។

នៅឆ្នាំ២០២០ ប្តីឈ្មោះ ម៉េន កានី ចេះតែរករឿងឈ្លោះប្រកែកគ្នាក្នុងគ្រួសារ បង្កជាវិវាទ មិនចេះចប់ ជាបន្តបន្ទាប់ដោយមានការសង្ស័យលើប្ដី នាងខ្ញុំក៏បានតាមដានសកម្មភាពរបស់ប្ដីនាងខ្ញុំ ទើបដឹងថា ប្តីឈ្មោះ ម៉េន កានី បានមានទំនាក់ទំនងស្នេហាជាមួយស្រីថ្មីឈ្មោះ គឹម ក្លាលីតា (Klalyta Kim) និងបានរួមសេវនកិច្ច ព្រមទាំងបានរស់នៅជាមួយរហូតមកដល់បច្ចុប្បន្ន ដូចប្តីប្រពន្ធ។ នៅក្នុង នោះ ឈ្មោះ ម៉េន កានី បានបណ្តើរឈ្មោះ គឹម ក្លាលីតា ចេញមុខចេញមាត់ ជួបជាមួយមិត្តភ័ក្ត និង ចូលក្នុងកម្មវិធីជាច្រើន ដូចមានរូបថតជាភស្តុតាងបញ្ជាក់ស្រាប់។ ពេលខ្លះ ប្តីឈ្មោះ ម៉េន កានី បានផ្ញើ សារមកនាងខ្ញុំ សុំយកប្រពន្ធទី២ ប៉ុន្តែនាងខ្ញុំបានបដិសេធដាច់អហង្ការ មិនព្រមតាមនោះទេ។

លុះនៅពេលនាងខ្ញុំចាប់ផ្ដើមពរពោះកូនទី៤ ស្រាប់តែឈ្មោះ ម៉េន កានី កាន់តែរករឿងក្នុង គ្រួសារកាន់តែខ្លាំងឡើង និងបានចុះចេញពីផ្ទះ ទៅរស់នៅជាមួយស្រីថ្មី បណ្តើរគ្នាចេញមុខចេញមាត់ និងទៅដើរលេងជាមួយគា្ននៅក្រៅប្រទេស ព្រមទាំងផ្ញើសារមកនាងខ្ញុំ សុំយកប្រពន្ធទី២ ប៉ុន្តែនាងខ្ញុំ នៅតែបដិសេធមិនព្រម ព្រោះវាល្មើសនឹងច្បាប់ និងសីលធម៌សង្គម ហើយនាងខ្ញុំបានសុំឲ្យគាត់ត្រឡប់ មករួមរស់នៅជាមួយក្រុមគ្រួសារវិញ ព្រោះអាណិតកូន ឃើញកូនៗនៅតូច មិនចង់អត់មានឪពុកនៅ ក្បែរ ខ្វះភាពកក់ក្ដៅ ប៉ុន្តែឈ្មោះ ម៉េន កានី នៅតែមិនព្រមចូលផ្ទះ មករួមរស់នៅជុំប្រពន្ធកូនដដែល។ ចាប់ពីពេលនោះមក ឈ្មោះ ម៉េន កានី បានចុះចេញពីផ្ទះរហូត ទៅដេក និងរស់នៅផ្ទះថ្មី ជាមួយនឹងស្រីដដែល។ ចាប់ពីពេលនោះ រហូតដល់បច្ចុប្បន្ន ឈ្មោះ ម៉ន កានី បានចុះចេញពីផ្ទះរហូត ទៅដេក និង រស់នៅផ្ទះថ្មី ជាមួយនឹងស្រីថ្មីឈ្មោះ គឹម ក្លាលីតា ដោយបានបោះបង់គ្រួសារចោល មិនបង់អាហារកិច្ច ដើម្បីចិញ្ចឹមប្រពន្ធកូនទាល់តែសោះនោះឡើយ។

មិនត្រឹមតែប៉ុណ្ណោះ ប្តីឈ្មោះ ម៉េន នី បានដាក់ពាក្យប្ដឹងលែងលះជាមួយនាងខ្ញុំទៅ សាលាដំបូងរាជធានីភ្នំពេញ ថែមទៀត ដើម្បីឆាប់បានទៅរស់នៅជាមួយនឹងស្រីថ្មី ឈ្មោះ គឹម ក្លាលីតា បោះបង់ប្រពន្ធ និងកូនតូចៗ។ ចាប់តាំងពីពេលកើតហេតុមក នាងខ្ញុំគ្មានបំណងប្ដឹងប្ដីឈ្មោះ ម៉េន កានី ម្តងណាទេ ប៉ុន្តែដោយសារឃើញនូវសកម្មភាព និងទង្វើអាក្រក់របស់ប្តី ទើបនាងខ្ញុំសម្រេចដាក់ពាក្យ បណ្ដឹងតែម្តង ដើម្បីទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯង និងកូនៗ។

ទង្វើរបស់ឈ្មោះ ម៉េន កានី ដែលខ្លួននៅជាប់ចំណងអាពាហ៍ពិពាហ៍នៅឡើយ ហើយទៅ មានទំនាក់ទំនងផ្លូវភេទជាមួយនឹងស្ដីដទៃក្រៅពីប្រពន្ធខ្លួន គឺជាអំពើខុសច្បាប់យ៉ាងជាក់ច្បាស់ ដែល ត្រូវមានទោសទណ្ឌតាមច្បាប់។ អំពើរបស់ឈ្មោះ ម៉េន, កានី បានស្ដែងចេញនូវចេតនាអាក្រក់ មើល ងាយមើលថោកដល់ស្រ្តីខ្មែរ ជាអំពើហិង្សាក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរ ដែលសង្គមខ្មែរបច្ចុប្បន្នមិនគាំទ្រ ឡើយ

ហើយក៏ត្រូវបានប្រកាសថាខុសនឹងច្បាប់ជាតិដែរ។

ជាថ្មីម្តងទៀត ក្នុងនាមខ្ញុំជាស្ត្រីខ្មែរ ជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ និងជាជនរង គ្រោះនៃអំពើផិតនេះ នាងខ្ញុំសូមឲ្យតុលាការផ្តល់នូវយុត្តិធម៌ ធ្វើការផ្តន្ទាទោសជនល្មើសតាមច្បាប់ និង ទាមទារសំណងជម្ងឺចិត្តចំនួន ២០ម៉ឺនដុល្លារអាមេរិក ។

សូមបញ្ជាក់ផងដែរថា, ទោះជាសាលក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យភាគីទាំងពីរលែងលះគ្នាក៏ពិតមែន ប៉ុន្តែភាគីស្រីបានប្ដឹងឧទ្ធរណ៍ជុំវិញបញ្ហានេះ។ ដោយឡែកលោកប្ដីដែលឈ្លក់វង្វេងនឹងស្រីៗ គឺបានទៅយកស្រីកំណាន់ចិត្តទាំងបំពានដែលមិនទាន់មានសាលក្រមស្ថាពរនៅឡើយនោះ ។

ពាក់ព័ន្ធឧកញ៉ា ម៉េន កានី ប្តឹងសុំលែងប្រពន្ធដើមទៅយកប្រពន្ធចុង តែត្រូវប្រពន្ធដើម ប្ដឹងឧកញ៉ាជាប្តីវិញ រឿងអំពើ«ផិតក្បត់» រឿងនេះ ធ្វើអោយប្រពន្ធយំមិនចេញទឹកភ្នែក ខណ:ប្តីយកស្រីថ្មីមកបញ្ឈឺ ! នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ អង្គភាព”នគរដ្រេហ្គន” បានធ្វើការទំនាក់ទំនងសុំការបំភ្លឺពីលោក ឧកញ៉ា ម៉េន កានី ដោយគាត់បានបញ្ជាក់តាមទូរស័ព្ទថា៖ ចំពោះរឿងពាក់ព័ន្ធស្រីថ្មីដែលប្រពន្ធដើមរបស់គាត់បានប្តឹង លោកសូមមិនធ្វើការបកស្រាយនោះទេ គេនិយាយអី ធ្វើអី ជាសិទិ្ធរបស់គេ សំខាន់លោកជាមនុស្សស្មោះត្រង់ល្អក្នុងសង្គម នៅជាមួយប៉ាម៉ាក់ ជួយកូនទៅរៀន ជួយសង្គមជាតិ ហើយអ្វីដែលដែលសំខាន់លោកបានអះអាងថា លោកបានលែងលះជាមួយប្រពន្ធរបស់គាត់តាមផ្លូវច្បាប់ផងដែរ៕ ដោយ៖ សុខខេមរា


ចែករំលែក៖