ភ្នំពេញ៖ បើយោងតាមផេក ( Cambodia SEA GAMES 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នៅខេត្តកែប បានបញ្ចប់លើវិញ្ញាសាឌូយ៉ាងត្លុងបុរស-នារី ដោយមានការរត់ ជិះកង់ និងរត់ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។
យោងតាមលទ្ធផលបច្ចេកទេសរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានឲ្យដឹងថា ជ័យលាភីលើវិញ្ញាសាឌូយ៉ាត្លុង (Duathlon) ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ កីឡាករ កាំង ធឿន មកពីក្លិបក្រសួងមហាផ្ទៃ, លេខ២ កីឡាករ នាង ពេជ្រពិសិដ្ឋ ក្លិបក្រសួងមហាផ្ទៃ និងលេខ៣ កីឡាករ ថៃ ធុច មកពីក្លិបក្រសួងការពារជាតិ។
ជ័យលាភីឌូយ៉ាងត្លុងផ្នែកនារី ចំណាត់ថ្នាក់លេខ១ កីឡាការិនី អ៊ួន ច័ន្ទភត្រា ក្លិបក្រសូងមហាផ្ទៃ, លេខ២ កីឡាការិនី ថន សុម៉ាវត្តី មកពីក្លិបក្រសួងមហាផ្ទៃ និងលេខ៣ កីឡាការិនី ហ៊ោ ធីតា មកពីក្លិបក្រសួងការពារជាតិ។
លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបញ្ជាក់ថា នេះជាការប្រកួតលើវិញ្ញាសាឌូយ៉ាងត្លុង ដោយផ្នែកបុរសមានកីឡាករចូលរួម ១៨នាក់ និងនារី៧នាក់ ហើយនៅព្រឹកថ្ងៃអាទិត្យទី១២ ខែធ្នូ ឆ្នាំ២០២១ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជានឹងបន្តរៀបចំ២វិញ្ញាសាចុងក្រោយ គឺអាគ័រថ្លុង និងទ្រីយ៉ាត្លុង ដែលវិញ្ញាសាធំទាក់ទងនឹងការហែលទឹកសមុទ្រ ដើម្បីបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១។
សូមបញ្ជាក់ថា ការប្រកួតកីឡាទ្រីយ៉ាងត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ទទួលបានការឧបត្ថម្ភថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា។ មុនការប្រកួតជើងឯកថ្នាក់ជាតិនេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជារៀបចំកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសដល់មន្ត្រី និងការបោះជំរំហ្វឹកហាត់សម្រាប់កីឡាករ កីឡាការិនី ដើម្បីពង្រឹងគុណភាពបច្ចេកទេសមុនការប្រកួតឲ្យកាន់តែល្អប្រសើរផងដែរ៕
ដោយ៖ សិលា