ព័ត៌មានទាន់ហេតុការណ៍៖

កសិករប្រកបរបរកសិកម្មសប្បាយចិត្តព្រោះដំឡូងមីមានហាងឆេងខ្ពស់ទោះរងផលប៉ះពាល់ទឹកជំនន់ក៏ដោយ

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ៖ ​ប្រជាកសិករដាំដំឡូងមីសប្បាយរីករាយនិងដំឡូងមីមានតម្លៃខ្ពស់ តែទទួលផលបានតិចព្រោះជំនន់ទឹកជន់លិច រងផល់ប៉ះពាល់ខូចខ្លះក៏ដោយ ដែលខុសពីផលស្រូវ មានតម្លៃធ្លាក់ចុះឆ្នាំនេះ ។

លោក បឹម  សំបូរ អាយុ៣៥ឆ្នាំ  ជាមេការសៃឡូដំឡូងមួយនៅក្នុងស្រុកស្វាយចេក នៅថ្ងៃទី០៩ខែ ធ្នូ ឆ្នាំ២០២១បានប្រាប់ថា៖ឆ្នាំនេះដំឡូងមីមានហាងឆេងខ្ពស់គួរសមជាងឆ្នាំមុន ព្រោះខាង ថៃកំពុងមានតម្រូវការ។តម្លៃដំឡូងមី ឆ្នាំនេះ បើដំឡូងស្រស់យើងទិញចូល១គីឡូ២,៣បាត (២បាត៣កាក់)លុយថៃ ចំណែកឆ្នាំទៅមិញទិញតែ១គីឡូ ១,៥បាត (១បាតកន្លះ)ទៅ២បាត(២បាត)លុយថៃប៉ុណ្ណោះ។បើដំឡូងស្ងួត យើងទិញចូល១គីឡូ៦,៣បាត(៦បាត៣កាក់)លុយថៃបើប្រៀបធៀបនឹងឆ្នាំមុនគឺមានការឡើងថ្លៃជាង  ព្រោះឆ្នាំនេះអ្នកកសិករដាំដុះដំឡូងមីមិនសូវកើតប៉ុន្មាននោះទេដោយសារទឹកជន់លិចខូចខាតអស់មួយចំនួនធំ។

លោក បឹម សំបូរ  បានបន្តឱ្យដឹងទៀតថា៖ចំពោះខែនេះខាងសៃឡូលោកមិនទាន់ទិញដំឡូងបានច្រើននៅឡើយទេព្រោះកសិកររវល់ប្រមូលផលស្រូវសិន  តែខែក្រោយនេះទើបដំឡូងគេប្រមូលផលច្រើន។

ដោយឡែក លោក យន់ ឡៃមី អាយុ ៤៥ឆ្នាំ ជាកសិករដាំដំឡូង រស់នៅភូមិកកោះ ឃុំស្លរក្រាម ស្រុកស្វាយចេកក៏បាន្យដឹងថា៖ចំពោះការដាំដំឡូងមីនេះគឺមានការចំណាយដើមច្រើនទាំងភ្ជួររាស់និងការថែទាំថ្នាំបាញ់ស្មៅ ជីបំប៉នជាដើម។តែបើមិនមានទឹកលិចខូចខាតច្រើននោះទេគឺបានកាក់កបគួរសមជាងដំណាំស្រូវទៅទៀត។ព្រោះដំឡូងប្រើរយៈពេលនៃការដាំដុះតែ១០ខែ ប្រមូលផលបានហើយ។ ចំណែកលោក លី   កុ អាយុ៦០ឆ្នាំ ជាកសិករដាំដំឡូងមីដែរនោះ ក៏បានលើកឡើងមិនខុសគ្នាដែរថាការដាំដំឡូងមីនេះមានការចំណាយច្រើនប្រសិនបើហាងឆេងធ្លាក់ថ្លៃក្រោម ២បាត ក្នុង១គីឡូគឺពិបាករកប្រាក់ចំណេញឃើញណាស់។លោក លីកុ  បានបន្តឲ្យដឹងទៀតថា៖បើសិនជាតម្លៃហាងឆេងដំឡូងនៅតែមានតម្លៃខ្ពស់ដូចខែនេះគឺធ្វើដំឡូងបានផលចំណេញច្រើនជាងស្រូវ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរលោក ប៉ាង  វណ្ណាសេដ្ឋ ប្រធាន មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ដឹងថា៖ចំពោះដំណាំដំឡូងមីនៅឆ្នាំនេះនៅតែមានហាងឆេងល្អ បើទោះបីជាមានទឹកលិចខូចខាតខ្លះក៏ដោយ។ចំពោះខេត្តបន្ទាយមានជ័យ  ឆ្នាំនេះកសិករយើងដាំដំឡូងមីសរុបចំនួន៨០,០០០ហិកតាហើយជាមធ្យមក្នុង១ហិកតាទទួលបានផលក្នុងចន្លោះពី២២ទៅ២៥តោន៕

ដោយ ៖ វណ្ណា


ចែករំលែក៖