ព័ត៌មានទាន់ហេតុការណ៍៖

ចម្ការអំពៅ២ក្រុមហ៊ុនសរុប៤០ហិកតាត្រូវអគ្គិភ័យឆាបឆេះសង្ស័យមានមនុស្សលួចដុត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ចម្ការអំពៅ២ក្រុមហ៊ុនសរុបប្រមាណ៤០ហិកតាត្រូវអគ្គិភ័យឆាបឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកមើលការចម្ការប្រញាប់ប្រញាល់ដងទឹកចាក់និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ដែលការឆេះនេះសង្ស័យមានមនុស្សលួចដុត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​១១និង៣០នាទី​ព្រឹកហើយរលត់ទៅវិញនៅម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១០ខែធ្នូឆ្នាំ២០២១ នៅចំណុចភូមិកំពោតទូក ឃុំគគីរសោម ស្រុកស្វាយទាប។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាចំពោះម្ចាស់ចម្ការរងគ្រោះមានរបស់ក្រុមហ៊ុន កុយ ឈីនិង ក្រុមហ៊ុនសុផាត ។ដោយក្រុមហ៊ុន កុយ ឈី ឆេះអស់អស់ចំនួន៣០ហិកតានិងក្រុមហ៊ុនសុផាត ឆេះអស់ចំនួន១០ហិកតា។

ប្រភពបន្តថាចំពោះការឆាបឆេះនេះមិនទាន់ដឹងថាមកពីមូលហេតុអ្វីពិតប្រាកដនោះទេខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវជាបន្តទៀត។

តាមអ្នកចាំចម្ការអំពៅបានឱ្យដឹងថាមុនកើតហេតុស្រាប់តែមានផ្សែងហុយចេញពីចម្ការអំពៅ ក្រុមហ៊ុនកុយ ឈី ទើបមានភ្លើងឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលទើបប្រញាប់ប្រញាល់ ដងទឹកចាក់និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ជួយបាញ់ទឹកពន្លត់រហូតដល់ម៉ោងជិត៤រសៀលទើបរលត់ទៅវិញដោយមិនមានអ្នករងគ្រោះថ្នាក់អ្វីនោះទេ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖