ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១១ខែធ្នូ២០២១នេះ សមត្ថកិច្ចនគរបាលស្រុកបានកសាងសំណុំរឿងនិងបញ្ជូនជនសងស្ស័យ២នាក់ទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមច្បាប់បន្ទាប់ពីប្រព្រឹត្តបទល្មើសលួចគោ អ្នកស្រុកយកទៅពន្លះ យកសាច់លក់ នៅចំណុចវត្តតាំងហោង ស្ថិតក្នុងភូមិ ឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្រ្តីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថាជនសង្ស័យ ២ នាក់ដែលឃាត់ខ្លួននោះ មាន÷ ១ឈ្មោះ ពាំង ឈា អាយុ៣៦ឆ្នាំ និង២ឈ្មោះ ម៉ុន វណ្ណា អាយុ៤០ឆ្នាំ ។ បុរសទាំង ២ នាក់នេះ មានមុខរបរ មិនពិតប្រាកដ ហើយបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិមានជ័យ សង្កាត់មានជ័យ១ ខណ្ឌមានជ័យ រាជធានីភភ្នំពេញត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៩ខែធ្នូថ្មីៗនេះ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បុរស២នាក់នេះបានលួចគោញី ១ក្បាល សម្បុរ ស កម្ពស់ប្រហែល ១,៥០ ម៉ែត្ររបស់អ្នកភូមិចងឲ្យស៊ីស្មៅយកទៅពន្លះយកសាច់ នៅចំណុច ភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្រោយការសាកសួរ ជនសង្ស័យទាំង ២ នាក់ បានឆ្លើយសារភាពថា ខ្លួនជាម្ចាស់ ម៉ូតូកង់បីឥណ្ឌា (passapp) ត្រូវបានឈ្មោះ ចាន់ ភេទប្រុស អាយុប្រហែល ៤០ ឆ្នាំ មានលំនៅ មិនពិតប្រាកដ ជួលឱ្យដឹកសាច់គោ ដែលគេលួច យកមកពន្លះ ទៅលក់នៅទីផ្សារ។ជននេះសារភាពទៀតថាគាត់ធ្លាប់បានធ្វើសកម្មភាព ខាងលើ ចំនួន ៥ លើក គឺនៅខេត្តកំពង់ស្ពឺ ចំនួន ៣ លើក ខេត្តកំពង់ចាម ចំនួន ១ លើក និងព្រែកតាមាក់ ខេត្តកណ្ដាល ចំនួន ១ លើក។
ចំណែកឈ្មោះ ម៉ុន វណ្ណា បានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះ ពាំង ឈា ជាអ្នកជួលឱ្យ មកជួយលើកសាច់គោ ដែលលួចយកមកពន្លះយកសាច់ ហើយខ្លួនធ្លាប់បាន ធ្វើសកម្មភាព ខាងលើ ចំនួន ២ លើក នៅខេត្តកំពង់ស្ពឺនេះ។
ជាមួយការសារភាពនេះ សមត្ថកិច្ចដកហូតវត្ថុតាងបាន រួមមាន ម៉ូតូកង់បីឥណ្ឌា (passapp) ចំនួនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IE-1443 ពូថៅ១ កាំបិតចិតបន្លែ១ តួណឺវីស ១ ខ្សែគោពណ៌ខ្មៅ ១ដុំ ធូបមូស ៣ ប្រអប់ ការតេលរូបត្រី ពណ៌ខៀវ ចំនួន១៥ ថង់ប្លាស្ទិក ពណ៌ខ្មៅ ចំនួន៨ និងពណ៌ស ចំនួន៤ ដបទឹកសុទ្ធចំនួន៦ដប ៕
ដោយ ៖ ប្រាថ្នា