ព័ត៌មានទាន់ហេតុការណ៍៖

សាលិខិត សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «កូវីដ-១៩ បញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាន» ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ

ចែករំលែក៖

ភ្នំពេញ ៖ បងប្អូននិពន្ធនាយកសារព័ត៌មានកម្ពុជា ជាទីស្រឡាញ់រាប់អានទាំងអស់គ្នា ! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាដែលក្លឹបអ្នកកាសែត កម្ពុជាបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់និងបទពិសោធន៍ដែលបានអនុវត្តនា ពេលកន្លងមកនិងកំណត់ទិសដៅសម្រាប់បន្តអនុវត្តនៅពេលខាងមុខក្នុងគោលបំណងបង្កើនសមត្ថភាព យល់ដឹងនិងជំរុញឱ្យអ្នកសារព័ត៌មានបំពេញការងារតាមវិជ្ជាជីវៈ និងមានការទទួលខុសត្រូវ ដើម្បីលើក កម្ពស់គុណភាព កិត្យានុភាពរបស់ស្ថាប័នព័ត៌មាន និងសេរីភាពសារព័ត៌មានដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំនេះ បានលើកយកប្រធានបទស្តីពី · កូវីដ-១៩ ៖ បញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាន” គឺពិតជាមានសារសំខាន់ណាស់និងសមស្របតាមសភាពការណ៍ ជាក់ស្ដែងដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសកលលោកទាំងមូលបានឆ្លងកាត់និងកំពុងប្រឈមទៅ នឹងការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលរហូតមកដល់ពេលនេះបានបង្ក គ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកលសុខភាពសាធារណៈ និងបានឆក់យកអាយុជីវិតមនុស្ស នៅទូទាំងសកលលោកអស់ជាង៥លាននាក់ ហើយមនុស្សជិត៣០០លាននាក់បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះកូវីដ-១៩ ក៏បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាដែលធ្វើឱ្យខាតបង់ថវិកាប្រមាណជិតបីពាន់លានដុល្លារ អាមេរិក ហើយប្រជាជនកម្ពុជាប្រមាណជាងពីរសែននាក់បានឆ្លងមេរោគកូរីដ ១៩ និងបានឆក់យកអាយុ ជីវិតប្រជាជនកម្ពុជាអស់ជិតបីពាន់នាក់។

បងប្អូនអ្នកសារព័ត៌មានជាទីស្រឡាញ់រាប់អាន !

បច្ចុប្បន្ន កម្ពុជាបានទប់ស្កាត់និងកាត់ផ្ដាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩. ចូលសហគមន៍ក្នុង ទ្រង់ទ្រាយធំដែលធ្វើឱ្យចំនួនអ្នកឆ្លងនិងអ្នកស្លាប់ដោយសារជំងឺកូរីដ-១៩ មានការថយចុះជាលំដាប់ពី មួយថ្ងៃទៅមួយថ្ងៃ។ ជោគជ័យដ៏ធំធេងដែលកម្ពុជាសម្រេចបាននៅពេលនេះគឺដោយសាររាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបដោយជោគជ័យនិងមានការចូលរួមពី បងប្អូនប្រជាពលរដ្ឋ ព្រមទាំងស្ថាប័ននិងភាគីពាក់ព័ន្ធដទៃទៀតដែលរហូតមកដល់ពេលនេះកម្ពុជា បាន ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួនជិត១៥លាននាក់ក្នុងចំណោមប្រជាជនជាង១៦លាននាក់ទោះបី មានការរបំផុសរារាំងពីក្រុមបក្សប្រឆាំងនិងពួកអគតិមួយចំនួនមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងក៏ដោយ ក៏ប្រជាពលរដ្ឋយើងបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងដ៏ច្រើនលើសលុបដែលធ្វើឱ្យកម្ពុជាទទួលបានចំណាត់ ថ្នាក់លេខ១នៅអាស៊ី និងលេខ៥នៅលើសកលលោកក្នុងការចាក់វ៉ាក់សាំងបានច្រើនជាងគេ។

ជោគជ័យនៃការចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ និងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលនិងវិធានការ របស់ក្រសួងសុខាភិបាលក្នុងការប្រឆាំងទប់ស្កាត់ កាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលទៅក្នុង សហគមន៍ ព្រមទាំងការសាកល្បងបើកដំណើរការឡើងវិញនូវពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិដែលបាន អនុញ្ញាតឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបានឈប់សម្រាកពីការងារ អាចធ្វើដំណើរកំសាន្តនៅតាម រមណីយដ្ឋាននានាគ្រប់ទិសទីទូទាំងព្រះរាជាណាចក្រកម្ពុជា ការបើកសាលារៀនឡើងវិញចាប់ពីថ្នាក់ អនុវិទ្យាល័យដល់សកលវិទ្យាល័យនៅទូទាំងប្រទេស គឺជាការសាកល្បងទ្រង់ទ្រាយធំជាជំហានៗសំដៅ ធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកដំណើរការលើគ្រប់វិស័យនិងបើកប្រទេសឡើងវិញដើម្បីទទួលភ្ញៀវទេសចរ និងវិនិយោគិនបរទេសដែលជាឱកាសស្ដារការអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញបន្ទាប់ពីបានទទួលរងការ ខាតបង់ដោយសារកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។

ថ្វីត្បិតតែកម្ពុជាបានទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ និងការចាត់វិធានការបានទាន់ ពេលវេលាក្នុងការប្រឆាំងទប់ស្កាត់និងកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងនិងអ្នកស្លាប់មានការថយចុះក៏ពិតមែន ក៏ប៉ុន្តែយើងមិនអាចមើលស្រាលសភាព ការណ៍និងឱកាសនៃការវិលត្រឡប់មកវិញនូវការឆ្លងជាទ្រង់ទ្រាយធំនៃមេរោគដ៏កាចសាហាវនេះបាន ទេ។ បញ្ហានេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋរបស់យើងទាំងអស់បន្តចូលរួម អនុវត្តដោយប្រុងប្រយ័ត្ននូវវិធានការរបស់រាជរដ្ឋាភិបាល ” ៣កុំ ៣ការពារ” និងវិធានការសុវត្ថិភាពរបស់ ក្រសួងសុខាបាលដើម្បីឈានទៅកាត់ផ្ដាច់ទាំងស្រុងនៃការឆ្លងរីករាលដាលនៃជំងឺកូរី ១៩ ចូលសហគមន៍។ 

សូមអានខ្លឹមសារ សាលិខិត សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «កូវីដ-១៩ បញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាន» ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ ទាំងស្រុង ដូចខាងក្រោម ៕

ដោយ ៖ សិលា


ចែករំលែក៖