ព័ត៌មានទាន់ហេតុការណ៍៖

មានកំហឹងក្នុងគ្រួសារចាក់សាំងដុតផ្ទះខ្លួនឯងរាលដាលដល់ផ្ទះអ្នកជិតខាង១ខ្នងទៀតសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១  មានអគ្គិភ័យមួយបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ស្ថិតនៅចំណុចភូមិចម្ការបុស្ស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយសារម្ចាស់ផ្ទះមានកំហឹងក្នុងគ្រួសារចាក់សាំងដុតទាំងកំរោល។

 សមត្ថកិច្ចនគរបាលស្រុកសំរោងទងបានឲ្យដឹងថាផ្ទះដែលត្រូវភ្លើងឆេះនោះទី១ ម្ចាស់ឈ្មោះ ស សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រងការខូចខាត និងឆេះផ្ទះអស់ចំនួន ០១ខ្នងផ្ទះខ្ពស់ធ្វើពីឈើ ដំបូលប្រក់ក្បឿង ទំហំ៦ម៉ែត្រ×៨ ម៉ែត្រជញ្ជាំងក្ដារ ផ្ទះបាយប្រក់សង្ក័សី ទំហំ ៦ម៉ែត្រ×៦ម៉ែត្រ ឆេះអស់ទាំងស្រុង ឆេះ ពូក១ គ្រែ ១ និងសម្ភារមួយចំនួន ។ បន្ទាប់មកបានឆេះរាលដាលដល់ផ្ទះទី២ ម្ចាស់ឈ្មោះ ស ពៅ ភេទប្រុស អាយុ២៧ឆ្នាំ ប្រពន្ធឈ្មោះ សុខ ស្រីមុំ អាយុ២៧ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យខូចខាត និងឆេះអស់ផ្ទះចំនួន ០១ខ្នង ផ្ទះខ្ពស់ធ្វើពីឈើ ដំបូលប្រក់ក្បឿង ទំហំ ៦ម៉ែត្រ×៨ ម៉ែត្រឆេះអស់ទាំងស្រុង ឆេះ ទូឈើ១ គ្រែ២ ទូទឹកកក២ និងសម្ភារមួយចំនួន។ ប៉ុន្តែករណីខាងលើនេះមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ។ 

សមត្ថកិច្ចបានឲ្យដឹងទៀតថាមូលហេតុបណ្ដាលឲ្យឆេះផ្ទះ២ខ្នងនេះគឺបណ្តាលមកពីឈ្មោះ ស សុវណ្ណ ជាម្ចាស់ផ្ទះចាក់សាំងដុតដោយខ្លួនឯង ព្រោះតែមានកំហឹងក្នុងគ្រួសារ(ឈ្លោះជាមួយប្រពន្ធ)។បុរសរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

 ប្រភពដដែលបានឲ្យដឹងទៀតថាក្នុងករណីមានអគិ្គភ័យនេះកម្លាំងជំនាញខេត្ត និងស្រុកបានចេញទៅជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង រថយន្ដនគរបាលស្រុកសំរោងទង ០១គ្រឿង និងរថយន្ដខេត្ត ០២គ្រឿង ប្រើប្រាស់ទឹកអស់រថយន្ត ០៤ រថយន្ត ។ ចំពោះជនបង្កឈ្មោះ ស សុវណ្ណ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធីរួចហើយ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖