កន្លងមកសិង្ហបុរីបានប្រកាសពីការឈប់ផ្សាយរបាយការណ៍ស្តីពីការឆ្លងកូវីដ-១៩ប្រចាំថ្ងៃ ដើម្បីធ្វើឱ្យការរស់នៅជាមួយកូវីដ-១៩កាន់តែប្រសើរឡើង ហើយពលរដ្ឋលែងមានការព្រួយបារម្ភ ។ នៅពេលនេះសិង្ហបុរីបានបង្កើនសកម្មភាពចាក់វ៉ាក់សាំងដល់កុមារចាប់ពីអាយុ៥-១១ឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងកាន់តែមានប្រសិទ្ធភាព។
វិទ្យាសាស្ត្រសុខាភិបាល (HSA) នៃប្រទេសសិង្ហបុរីកាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍នេះ បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech ដែលមានឈ្មោះសម្គាល់ថា ខូមើណេធី (Comirnaty) សម្រាប់កុមារដែលមានអាយុចាប់ពី ៥-១១ឆ្នាំហើយ ដោយយុទ្ធនាការចាក់វ៉ាក់សាំង នឹងចាប់ផ្តើមនៅមុនដំណាច់ឆ្នាំ២០២១នេះ។
HSA បានគូសបញ្ជាក់ថា វ៉ាក់សាំង Comirnaty នឹងតម្រូវឱ្យចាក់ពីរដូស ដោយទុកចន្លោះពីមួយដូសទៅមួយដូសចំនួន ២១ថ្ងៃ ប៉ុន្តែត្រូវផ្តល់ឱ្យក្នុងបរិមាណវ៉ាក់សាំងតែ «១០មីក្រូក្រាម» ប៉ុណ្ណោះ សម្រាប់កុមារដែលមានអាយុចន្លោះពី «៥ឆ្នាំ ដល់ ១១ឆ្នាំ» ខណៈក្មេងជំទង់ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ត្រូវផ្ដល់ឱ្យក្នុងបរិមាណ «៣០មីក្រូក្រាម»។
HSA បានបន្ថែមថា ខ្លួនបានធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់ចំពោះទិន្នន័យ ដោយបានពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញចំនួនពីរក្រុម មកពីគណៈកម្មាធិការប្រឹក្សាផ្នែកឱសថរបស់ HSA និងក្រុមអ្នកជំនាញផ្នែកជំងឺឆ្លង។ ផ្អែកលើទិន្នន័យដែលមាននាពេលបច្ចុប្បន្ននេះ អត្ថប្រយោជន៍នៃវ៉ាក់សាំង Comirnaty ចំពោះកុមារដែលមានអាយុចន្លោះពី ៥-១១ឆ្នាំ មានលើសពីហានិភ័យរបស់វា ជាពិសេសចំពោះអ្នកដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺ COVID-19 ចំពេលមានការលេចឡើង នៃវីរុសបំប្លែងថ្មី Omicron ហើយវ៉ាក់សាំងក៏បានបំពេញតាមស្តង់ដារគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពផងដែរ៕ ដោយ៖ធីរីណា
រូបថត៖AFP/VNA