ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកែប អញ្ជើញទទួលសម្ភារសុខាភិបាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់​ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី

ចែករំលែក៖

ខេត្តកែប ៖  យោងតាមប្រភពពីរដ្ឋបាលខេត្តកែប បានបញ្ជាក់អោយដឹងថា,  នាព្រឹកថ្ងៃសៅរ៍​ ទី១១ ខែធ្នូ ឆ្នាំ២០២១ នេះ​ ក្រុមគ្រូពេទ្យស្មគ្រចិត្ត លោកបណ្ឌិត ហ៊ុន ម៉ាណែត បាននាំយក សម្ភារសុខាភិបាល ដែលរួមមាន​ សម្ភារជំនួយការពិនិត្យជំងឺទូទៅ  និងរោគស្រ្តី , សម្ភារជំនួយការងារមន្ទីរពិសោធន៍, សម្ភារជំនួយការវះកាត់ និងបរិក្ខាផ្សេងៗចំនួន ១៥០កេស , ម៉ាស៊ីន X-Ray (Dentist) ០១គ្រឿង, ព្រមទាំងជែលលាងសម្អាតដៃចំណុះ ៥០០ml ចំនួន ៣០,០០០ដប ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជូនដល់ រដ្ឋបាលខេត្តកែប ដើម្បីបំរើឱ្យវិស័យសុខាភិបាល និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ក៏ដូចជាបំរើអោយការងារមនុស្សធម៌។

  អញ្ជើញទទួលអំណោយដ៏ថ្លៃថ្លានេះ លោក សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប បានសំដែងនូវទឹកចិត្ត សប្បាយរីករាយ និងថ្លែងអំណរគុណ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងផ្តល់នូវការឧបត្ថម្ភ​ ទាំងស្មារតី សម្ភារ និងឱវាទល្អៗសម្រាប់រដ្ឋបាលខេត្តកែប ទាំងការងារដឹកនាំ និងបំរើសេវាជូនប្រជាពលរដ្ឋ។ លោក បញ្ជាក់ថា បើទោះជាស្ថានភាពជំងឺកូវីដ-១៩​ នៅខេត្តកែប មានការធូរស្រាលក៏ពិតមែន តែប្រជាពលរដ្ឋមួយចំនួន ដែលរងវិបត្តិដោយសារជំងឺនេះ នៅពុំទាន់ មានជីវភាពប្រក្រតីវិញនៅឡើង ដែលទាមទារអោយមានការជួយជ្រុំជ្រែង ពីអាជ្ញាធរ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ។  លោក អភិបាលខេត្ត ក៏បានអំពាវនាវ ដល់សប្បុរសជននានា បន្តជួយឧបត្ថម្ភដល់ រដ្ឋបាលខេត្ត លើកការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារមនុស្សធម៌ នៅតាមសហគមន៍ មូលដ្ឋាន ដែលបង្ហាញ ឱ្យឃើញនូវសិល្បៈចែករំលែក និងស្មារតីចេះជួយគ្នាទៅវិញទៅមក របស់សប្បុរសជននៅគ្រប់ទិសទី។  ក្នុងនោះលោក អភិបាលខេត្ត ក៏បានគោរពជូនពរជ័យ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត និង លោកស្រី រួមទាំងបុត្រាបុត្រី ប្រកបដោយពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងជៀសផុតពីជំងឺកូវីដ-១៩ ជានិច្ច និងនិរន្តតទៅ ។ 

  បន្ទាប់មកលោក អភិបាលខេត្ត ក៏បានបន្តប្រគល់សម្ភារៈទាំងអស់ ដល់មន្ទីរពេទ្យបង្អែកខេត្តកែប ដើម្បីយកទៅទុកដាក់ ប្រើប្រាស់អោយចំគោលដៅ ៕

  

ដោយ ៖ សហការី


ចែករំលែក៖