ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបពិភាក្សារវាងប្រធានាធិបតីបារំាងនឹងនាយករដ្ឋមន្ត្រីថ្មីអាល្លឺម៉ង់

ចែករំលែក៖

នាយករដ្ឋមន្ត្រីថ្មីអាល្លឺម៉ង់លោក Olaf Scholz បានជួបពិភាក្សាជាលើកដំបូងជាមួយប្រធានាធិបតីបារាំង លោកម៉ាក្រុង ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់ទីក្រុងប៉ារីស នាថ្ងៃទី ១០ខែធ្នូ។

សារព័ត៌មានAFP បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholzដែលបានបញ្ជាក់ថា «យើងបារម្ភពីស្ថានភាពនៅព្រំដែនប្រទេសអ៊ុយក្រែន យើងបាននិយាយយ៉ាងច្បាស់ហើយថា ការមិនឈ្លានពានព្រំដែនអឺរ៉ុបគឺជាច្បាប់រួមរបស់យើង ហើយយើងមិនអាចទទួលយកបានឡើយរាល់ការឈ្លានពាននានា»។
ជាមួយគ្នានេះដែរ ប្រធានាធិបតីបារាំងលោកម៉ាក្រុង បានលើកឡើងថា គៅលដៅដំបូងគឺត្រូវបញ្ជៀសការប្រឈមមុខតានតឹងដោយគ្មានហេតុផល។ សហគមន៍អឺរ៉ុប និងអាមេរិក បានតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពនៅក្នុងតំបន់អឺរ៉ុប។
សារព័ត៌មាន AP បានផ្សាយថា មេដឹកនាំបារាំងនិងអាល្លឺម៉ង់បានពិភាក្សាលើបញ្ហាជាច្រើនទៀតក្នុងទំនាក់ទំនងប្រទេសទាំងពីរ ក្នុងនោះមានទាំងការអភិវឌ្ឍសេដ្ឋកិច្ច ក្រោយកូវីដ-១៩។
តាមគម្រោងនាយករដ្ឋមន្ត្រីថ្មីអាល្លឺម៉ង់ នឹងបន្តទៅកាន់ប្រទេសបែលហ្ស៊ិកដើម្បីជួបពិភាក្សាជាមួយមន្ត្រីអឺរ៉ុបផ្សេងទៀត ក៏ដូចជា អង្គការណាតូ ស្តីពីទំនាក់ទំនងនិងសន្តិសុខក្នុងតំបន់៕

ដោយ៖ធីរីណា(រូបថត៖AP)


ចែករំលែក៖