យ៉ាងហោចណាស់ក៏មានមនុស្សយ៉ាងតិច១០០នាក់ដែរបានស្លាប់ដោយសារតែខ្យល់កួចនៅក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក ។ ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានប្រកាសអាសន្ននៅក្នុងរដ្ឋនេះដើម្បីដោះស្រាយស្ថានភាព។
ក្រុមអ្នកជំនាញបានប្រកាសថា នេះជាខ្យល់កួចដ៏រន្ធត់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក បង្ខំឱ្យប្រធានាធិបតីត្រូវប្រកាសអាសន្ននៅក្នុងរដ្ឋ Kentucky។
ប្រធានាធិបតីបៃឌិន បានប្រកាសថា លោកបានស្នើដល់មន្ត្រីការពារបរិស្ថានវាយតម្លៃពីផលប៉ះពាល់ដោយសារតែបម្រែបម្រួលអាកាសធាតុ បង្កឲ្យមានគ្រោះធម្មជាតិនាពេលអនាគត ។ ប្រធានាធិបតីបៃឌិនបានស្នើឱ្យមានប្រព័ន្ធប្រកាសអាសន្នស្តីពីខ្យល់កួចទ្រង់ទ្រាយធំ។
ប្រធានាធិបតីបៃឌិនបានប្រកាសថា «នេះជាសោកនាដកម្ម យើងមិនទាន់ដឹងច្បាស់ថាមានមនុស្សប៉ុន្មាននាក់ស្លាប់ និងការខូចខាតមានទំហំប៉ុនណានៅឡើយ»។
ខ្យល់កួចដ៏រន្ធត់បានបំផ្លាញរោងចក្រមួយកន្លែង ទីស្នាក់ការប៉ូលិស ទីស្នាក់ពន្លត់អគ្គិភ័យ និងផ្ទះពលរដ្ឋជាច្រើននៅក្នុងស្រុកមួយនៃរដ្ឋ Kentucky ។ មណ្ឌលចាស់ជរាមួយកន្លែងនៅក្នុងរដ្ឋ Missouri ក៏រងការបំផ្លាញផងដែរ ។
អភិបាលរដ្ឋ Kentucky លោក Andy Beshear បានបញ្ជាក់ថា នេះជាខ្យល់កួចទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រនៅរដ្ឋនេះ ។ លោកបន្តទៀតថា មានពលករ៤០រូបត្រូវបានសង្គ្រោះចេញពីរោងចក្រនៅទីក្រុង Maayfield ។ នៅក្នុងរោងចក្រមានពលករប្រមាណ១១០នាក់ពេលខ្យល់កួចវាយប្រហារ។ លោក Beshear បានបញ្ជាក់ថា អាចនឹងមានមនុស្សជាង១០០នាក់ស្លាប់ និងរបួសជាច្រើននាក់៕ ដោយ៖ធីរីណា
រូបថត៖AP