ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ,ខេត្តកោះកុង ,ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបករណីកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំ ស្ថិតនៅក្នុងរោងចក្រផលិតដំណាប់ស្វាយមួយកន្លែងយីហោ «រីចហ្វាមអេស៊ា ឯ.ក» ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងរឹបអូសគ្រឿងញៀនប្រភេទ (កេតាមីន) ជាង១៤០០គីឡូក្រាម។ ខណៈឈ្មួញជួញដូរគ្រឿងញៀនកំពុង ដឹកគ្រឿងញៀនជាច្រើនឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ក៏បានប៉ះទង្គិចគ្នានៅផ្លូវជាតិលេខ៤។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការខាងលេីនេះ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានផ្ទុះអាវុធមួយប្រាវក្នុងការបាញ់ប្រហារគ្នាជាមួយឈ្មួញគ្រឿងញៀនមកលើសមត្ថកិច្ចចម្រុះ នៅត្រង់ចំណុចលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ខេត្តព្រះសីហនុ បណ្តាលឱ្យឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ជាជនជាតិចិន ត្រូវគ្រាប់ស្លាប់នៅនឹងកន្លែង និងជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួន រួមនឹងរថយន្ត១គ្រឿងផងដែរ។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះដែរ កម្លាំងជំនាញសមត្ថកិច្ចបានរឹបអូសថ្នាំញៀនប្រភេទ (កេតាមីន) ជាង១៤០០គីឡូក្រាម ដែលឧក្រិដ្ឋជនបានផលិត និងកែច្នៃនៅក្នុងរោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុនចិននេះផងដែរ។
ដោយឡែកជុំវិញករណីនេះដែរ បេីតាមការបង្ហេីបពីប្រជាពលរដ្ឋរស់នៅក្បែរក្រុមហ៊ុន ក៏បានឱ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ធ្លាប់តែឃើញមានរថយន្តបេីកចេញ-ចូលៗ ប៉ុន្តែមិនដឹងថា តើគេចូលមកយកអ្វីនោះទេ? ព្រោះទីតាំងនេះ គឺជាកន្លែងប្រមូលទិញផ្លែស្វាយ ដើម្បីចូលទិញដំណាប់ស្វាយ លុះឃើញសមត្ថកិច្ចចុះមកត្រួតពិនិត្យ និងចូលឆែកឆេរ ទើបដឹងថា គឺជាកន្លែងស្តុកទុកនូវសារធាតុផ្សំថ្នាំគ្រវីទៅវិញ៕
ដោយ៖សហការី