ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតសាធារណរដ្ឋប្រជាមានិតចិន នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានលើកឡើងថា, សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា ប្រទេសចិននឹងការពារគោលការណ៍នៃទំនាក់ទំនងអន្តរជាតិតាមបែបប្រជាធិបតេយ្យ ដោយមិនងាករេ ខណៈពេលបន្តអភិវឌ្ឍ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។
សូមបញ្ជាក់ថា, នាថ្ងៃទី៩ខែធ្នូ កន្លងទៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិន មានការលើកឡើងយ៉ាងដូច្នេះថា៖ នៅថ្ងៃទី៨ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសថាអាមេរិកនឹងបន្ថែមវិធានការកំណត់ថ្មីលើការនាំចេញនិងនាំចេញឡើងវិញនូវប្រភេទទំនិញរសើបរបស់ខ្លួនមកកាន់កម្ពុជា និងព្រមទាំងមានការហាមឃាត់លក់អាវុធនិងសម្ភារៈយោធាដល់កម្ពុជា ដោយក្រោមហេតុផលថាមានអំពើរំលោភបំពានសិទ្ធិមនុស្ស អំពើពុករលួយ និងការអនុញ្ញាតបង្កើនវត្តមានយោធាចិនក្នុងប្រទេសកម្ពុជា។ តើភាគីចិនមានយោបល់យ៉ាងដូចម្ដេចចំពោះការលើកឡើងបែបនេះ?
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនមានប្រសាសន៍ថា ថ្មីៗនេះ អាមេរិកបន្តបង្ខូចឈ្មោះនិងលាបពណ៌លើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា គំរាមកំហែង ដាក់សម្ពាធ និងការដាក់ទណ្ឌកម្មមកលើកម្ពុជា។ នេះគឺជាទង្វើដែលប្រើអំណាចគៀបសង្កត់លើអ្នកដទៃយ៉ាងពិតប្រាកដនិងច្បាស់លាស់ នេះបានល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិផងដែរ។ ភាគីចិនប្រឆាំងជាដាច់ខាតចំពោះទង្វើបែបនេះ។
ចិននិងកម្ពុជា គឺជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែបនិងជាសហគមន៍វាសនារួម។ ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរឆ្លងកាត់ការសាកល្បងតាមគ្រប់រូបភាព ធ្វើឱ្យកាន់តែរឹងមាំមិនអាចបំបែកបាន។ គំនិតអាក្រក់ប៉ុនប៉ងរបស់អាមេរិកលើទំនាក់ទំនងចិននិងកម្ពុជានឹងទទួលបរាជ័យ។ ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិនិងសេចក្តីថ្លៃថ្នូរនៃជាតិ នឹងគាំទ្រឈរជាមួយប្រជាជនកម្ពុជាជារៀងរហូត៕
ដោយ ៖ សិលា