ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid បំបាក់ Atletico Madrid ២ទល់០ បន្តឈ្នះ១០ប្រកួតជាប់គ្នា

ចែករំលែក៖

ក្រុមអធិរាជស Real Madrid បានឈ្នះសម្រាប់ការប្រកួតទី១០ជាប់ៗគ្នាដោយបានយកឈ្នះក្រុមភ្ញៀវ Atletico Madrid ២ទល់០ និងបានវ៉ាដាច់ក្រុមលេខ២ Sevilla ចំនួន៨ពិន្ទុនៅលើកំពូលតារាង La Liga ។

ខ្សែប្រយុទ្ធ Karim Benzema ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ La Liga បានស៊ុតបាល់បញ្ចូលទីនាំមុខក្រុមភ្ញៀវនៅនាទីទី១៦ ពីការបញ្ជូនបាល់យ៉ាងអស្ចារ្យពីខ្សែប្រយុទ្ធ Vinicius Jr។ ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះ Real Madrid នៅតែព្យាយាមសម្រុកទៅលើក្រុម Atletico Madrid រហូតដល់នៅនាទីទី៥៧ ខ្សែបម្រើ Marco Asensio រកបាន១គ្រាប់ទៀតពីការបញ្ជូលបាល់របស់ Vinicius Jr ដដែល។

ក្រុមការពារជើងឯក Atletico Madrid ដែលមាន១៣ពិន្ទុតាមពីក្រោយក្រុម Real Madrid មានឱកាសលេងបាល់មុខទីគូប្រកួត និងបានព្យាយាមស៊ុតបាល់បញ្ចូលទីដែរ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះបាន។

ក្រុម Real Madrid បានចាញ់តែ២ដងប៉ុណ្ណោះក្នុង២៣ប្រកួត ហើយមិនមានចាប់តាំងពីថ្ងៃទី៣ ខែតុលា ចាប់តាំងពីលោក Carlo Ancelotti បានមកដឹកនាំជំនួសលោក Zinedine Zidane នៅរដូវក្តៅ។ ចំណែកក្រុម Atletico Madrid ក្រោមការដឹកនាំរបស់លោក Diego Simeone ដែលឈរនៅលេខ៤ ហាក់ធ្វើមិនសូវបានល្អក្នុងរដូវកាលនេះដែលពិបាកនឹងប្រជែងយកឈ្នះពាន La Liga ដូចកាលពីរដូវកាលមុនណាស់។

លទ្ធផលនេះធ្វើឲ្យក្រុមអធិរាជស Real Madrid បន្តកាន់កាប់កំពូលតារាងមាន៤២ពិន្ទុ ក្នុង១៧ប្រកួត ខណៈដែលក្រុម Atletico Madrid ឈរចំណាត់ថ្នាក់លេខ៤ មាន២៩ពិន្ទុ ក្នុង១៦ប្រកួតនៅលីគកំពូលអេស្ប៉ាញ La Liga។ ក្រុម Real Madrid នឹងត្រូវធ្វើជាម្ចាស់ផ្ទះប៉ះក្រុម Cadiz នៅថ្ងៃទី២០ ខែធ្នូ រីឯក្រុម Atletico Madrid នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Sevillaនៅថ្ងៃទី១៩ ខែធ្នូខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖