ខេត្តកណ្តាល ៖ កាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ គឺមានប្រពលរដ្ឋប្រមាណជាង៣០០គ្រួសារ រស់នៅភភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រមូលផ្តុំគ្នា ផ្ទុះការតវ៉ាដោយទទូចសុំឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍កាត់ឆ្វៀលដីសហគមន៍បឹងជីភោ ចំនួន ៧៤.១៥៣ម៉ែត្រការ៉េ ប្រមាណជាង៧ហិកតា និងចោទប្រកាន់ក្រុមហ៊ុនអាយអុិន ជី ហូលឌីង (I.N.G Holding) របស់ឧកញ៉ា អុឹង ប៊ុនហ៊ូវ ថាបានរំលោភយកដី ដើម្បីឱ្យពួកគាត់បានកាន់កាប់គ្របគ្រង់ធធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ឡើងវិញ ។ ចំណុចលេចចេញជាចំងល់ថា លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ គាត់មានសិទ្ធិវិនិយោគលើដីបឹងជីភោ ឬមានសិទ្ធិកម្មកាន់កាប់ដោយស្របច្បាប់ ធ្វើប្លង់យកបឹងនេះ ?
ពលរដ្ឋអ្នកតវ៉ា ជាច្រើនបានឱ្យដឹងថា , ដើមឡើយដីនេះស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយបច្ចុប្បន្ន ត្រូវបានកាត់ចូលក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដីនោះជាដីទំនាបបឹង ដែលប្រជាពលរដ្ឋចំនួន៣៥០គ្រួសារបានកាន់កាប់គ្រប់គ្រងនិងអាស្រ័យផលតាំងពីឆ្នាំ១៩៨០មកម៉្លេះ ។
ពួកគាត់បានបន្តថា, នៅឆ្នាំ២០១៦ ស្រាប់តែត្រូវបានក្រុមហ៊ុនរបស់លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ រំលោភយក ដោយធ្វើជាប័ណ្ណកម្មសិទ្ធិ ចេញប័ណ្ណរបស់មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដីរាជធានីភ្នំពេញទៅវិញ ខណៈពេលដែលដីនោះស្ថិតនៅក្នុងមូលដ្ឋានក្រុងតាខ្មៅនៅឡើយ ទើបតែកាត់ចូលរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០២០នេះ គឺសុរិយោដីរាជធានីភ្នំពេញ បានឃុបឃិតគ្នាធ្វើប្លង់កាត់យកដីនោះឱ្យឧកញ៉ា អុឹង ប៊ុនហ៊ូវ ។
តំណាងប្រជាពលរដ្ឋក៏បានឱ្យដឹងទៀតថា ខណៈបានដីនោះហើយក្រុមហ៊ុនបានចុះទៅហាមឃាត់មិនឱ្យប្រជាពលរដ្ឋ អាស្រ័យផលនិងនេសាទនៅក្នុងដីសហគមន៍របស់ខ្លួន ដោយគំរាមបាញ់ប្រហារដល់ពលរដ្ឋណាហ៊ានទៅនេសាទ ឬបេះបន្លែបង្ការក្នុងបឹង ។ ព្រោះទង្វើនេះទើបពួកគាត់បានតវ៉ារហូតមក ដោយប្រជាពលរដ្ឋបានបង្កើតជាគណៈកម្មការចំនួន១២នាក់ ធ្វើជាតំណាងប្រជាពលរដ្ឋសរុបចំនួន៣៥០គ្រួសារ បានឯកភាពគ្នាស្នើសុំគោលការណ៍អនុញ្ញាតលក់ដីសហគមន៍បឹងជីភោនោះ ដើម្បីយកថវិកាមកប្រើប្រាស់សម្រាប់ធ្វើការអភិវឌ្ឍក្នុងសហគមន៍ភូមិស្ទឹងជ្រៅ កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដាក់លូ សាលារៀន និងមណ្ឌលសុខភាព តាមសំណូមពរនិងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ។
បើកសិក្សាពីបញ្ហានេះ មិនមែនជារឿងធម្មតាទេ អាចរៀបចំលក្ខណៈប្រព័ន្ធដើម្បីចេញប័ណ្ណកម្មសិទ្ធិអោយ ក្រុមហ៊ុនអាយអុិន ជី ហូលឌីង (I.N.G Holding) របស់ឧកញ៉ា អុឹង ប៊ុនហ៊ូវ គ្រប់គ្រងស្របច្បាប់ តាមរូបភាពអភិវឌ្ឍន៍ វិនិយោគ ដូច្នេះក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋមានតិចតួចបំផុត ខណៈលុយធំជាង ការមានចិត្តរក្សាបឹងធម្មជាតិ។
សូមបញ្ជាក់ថា, អង្គភាព” នគរដ្រេហ្គននិងនគរវត្ត” មិនអាចសុំការបំភ្លឺពីឧកញ៉ា អុឹង ប៊ុនហ៊ូវ បានទេ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែប្រជាពលរដ្ឋធ្លាប់ដឹងហើយ កន្លងទៅ ឧកញ៉ា អុឹង ប៊ុនហ៊ូវ ធ្លាប់កើបលុយបានដោយកម្រិតណាវិនិយោគថែទាំផ្លូវជាតិលេខ៤ យកលុយមកធ្វើសេដ្ឋី ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនដឹកជញ្ជូន ក្តៅក្រហាយគ្រប់គ្នា តែក្រោយមកសម្តេចតេជោ ហ៊ុនសែន បានដកយក ផ្តល់អោយប្រជាពលរដ្ឋប្រើប្រាស់ ដោយមិនបាច់បង់ប្រាក់ក្នុងការបើកបរឆ្លងកាត់ ។
គួរកត់សម្គាល់ថា បញ្ហាដីសហគមន៍នេះ កើតមានរាប់ឆ្នាំមកហើយ គឺយ៉ាងតិច៥ឆ្នាំ ដែលប្រជាជនភូមិដើមមៀនតវ៉ារកយុត្តិធម៌ ។
ប៉ុន្តែ យុត្តិធម៌ដូចនៅជើងមេឃ ព្រោះសុខៗស្រាប់តែធ្លាក់ក្នុងកណ្តាប់ដៃ ឧកញ៉ា អុឹង ប៊ុនហ៊ូវ ទៅវិញ ។
ឧកញ៉ា អុឹង ប៊ុនហ៊ូវ ជំនាញណាស់ខាង វិនិយោគរបៀបៗនេះ ជាមួយភាពក្តៅក្រហាយរបស់ប្រជាពលរដ្ឋ ដួច្នេះប្រជាពលរដ្ឋ មានជំនឿលើ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋជាង៣០០គ្រួសារ កំពុងតវ៉ានេះ។
អង្គភាព”នគរដ្រេហ្គននិងនគរវត្ត” នឹងរងចាំការបកស្រាយណាមួយដោយជាក់លាក់ពី ឧកញ៉ា អុឹង ប៊ុនហ៊ូវ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង សង្គមមើលឃើញពី យុត្តិធម៌សង្គម៕
ដោយ ៖ សុខ ខេមរា