ព័ត៌មានទាន់ហេតុការណ៍៖

Barcelona កាន់ឆ្ងាយពីការប្រជែងពាន La Liga ក្រោយស្មើ Osasuna២ទល់២

ចែករំលែក៖

ក្រុម Barcelona បាន​បណ្តោយ​ឱ្យបាត់បង់៣​ពិន្ទុបន្ថែមទៀត​នៅ​លើ​ទឹក​ដីក្រុម Osasuna ខណៈ​ដែលក្រុមទាំង២បានត្រឹមស្មើគ្នា២ទល់២ ក្នុងក្របខ័ណ្ឌ LaLiga កាល​ពី​ថ្ងៃ​អាទិត្យ។

ដោយមិនមានកីឡាករសំខាន់ៗចំនួន៧រូបដោយសាររបួស គ្រូបង្វឹកក្រុមBarcelona លោក Xavi Hernandez ត្រូវបង្ខំចិត្តងាកទៅរកកីឡាករវ័យក្មេងរបស់គាត់ ហើយកីឡាករអាយុ១៩ឆ្នាំ Nico Gonzalez និង Ezzalzouli ទាំង២នាក់បានស៊ុតបញ្ចូលទីម្នាក់១គ្រាប់។

​ការប្រកួតក្នុងតង់ទី១ ក្រុមភ្ញៀវ Barcelona រកបានគ្រាប់បាល់នាំមុខមុននៅនាទីទី១២ ដោយការស៊ុតពីកីឡាករវ័យក្មេង Nico Gonzalez ប៉ុន្តែនៅនាទីទី១៤ ខ្សែការពារ David Garcia រកបាន១គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ Osasuna តាមស្មើវិញ ហើយលទ្ធផលស្មើគ្នានេះបានបន្តរហូតដល់ចប់តង់ទី១។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវ Barcelona នៅតែព្យាយាមវាយសម្រុកទៅលើក្រុមម្ចាស់ផ្ទះបន្តទៀត រហូតដល់នាទីទី៤៩ដើមតង់ទី២ កីឡាករ Ezzalzouli រកបាន១គ្រាប់នាំមុខឲ្យ Barcelona ដែលធ្វើឲ្យក្រុមនេះកាន់តែមានក្តីសង្ឃឹមរកបាន៣ពិន្ទុ។ ការប្រកួតជិតនឹងចប់ទៅហើយកីឡាករ Chimy Avila របស់ក្រុម Osasuna រកបាន១គ្រាប់តាមស្មើវិញនៅនាទីទី៨៦ ធ្វើឲ្យចប់ការប្រកួតក្រុមទាំង២បានត្រឹមស្មើគ្នា២ទល់២។

លទ្ធផលនេះធ្វើឲ្យក្រុម Barcelona ឈរនៅលេខរៀងទី៨ក្នុងតារាង La Liga ដោយនៅតែស្ថិតនៅក្រៅតារាងក្រុមដែលត្រូវលេងវគ្គជម្រុះក្នុងក្របខ័ណ្ឌអឺរ៉ុប និងមានពិន្ទុដាច់ឆ្ងាយរហូតដល់១៥ពិន្ទុពីក្រុមកំពូលតារាង Real Madrid ។

គ្រូបង្វឹកក្រុម Barcelona លោក Xavi បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា គាត់មានការព្រួយបារម្ភបន្ទាប់ពីការបរាជ័យ ៣-០ របស់ក្រុមគាត់លើក្រុម Bayern Munich ដែលបានឃើញពួកគេចាកចេញពីក្របខ័ណ្ឌ Champions League នៅវគ្គចែកពូលជាលើកដំបូងក្នុងរយៈពេលជិត២ទសវត្សរ៍។

លោកបានបន្តថា “យើងស្ថិតនៅក្នុងរង្វង់អវិជ្ជមាន ហើយយើងត្រូវរកវិធីដើម្បីបំបែកវា។ លទ្ធផលស្មើនេះមិនគ្រប់គ្រាន់ទេ នៅពេលដែលយើងរកបានគ្រាប់ទី២ យើងគួរតែគ្រប់គ្រង ប៉ុន្តែយើងធ្វើមិនបាន ហើយវាធ្វើឱ្យយើងរងទុក្ខ”។

សូមបញ្ជាក់ថា ការបន្តចាញ់ និងស្មើរបស់ក្រុម Barcelona នៅពេលនេះគឺជាសញ្ញាអវិជ្ជមានមួយសម្រាប់ក្រុមដែលធ្លាប់តែលេចធ្លោមួយនេះ ហើយរដូវកាលនេះហាក់ដូចជាគ្មានសង្ឃឹមសម្រាប់ក្រុមនេះក្នុងការប្រជែងពាន La Liga រដូវកាលនេះ។ សម្រាប់ការប្រកួតបន្តក្រុម Barcelona នឹងត្រូវជួបភ្ញៀវ Elche នៅថ្ងៃទី១៩ ខែធ្នូខាងមុខក្នុងការប្រកួតសម្រាប់សប្តាហ៍ទី១៧របស់ខ្លួន ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖