ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើករថយន្តដឹកស្រូវទំនង ងងុយដេកបុកចូលផ្ទះប្រជាពលរដ្ឋ២គ្រួសារផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ដោយសារអ្នកបើករថយន្តដឹកស្រូវសង្ស័យងងុយដេកបុកចូលផ្ទះប្រជាពលរដ្ឋ ២គ្រួសារបណ្ដាលឲ្យខូចខាតរថយន្តនិងសម្ភារៈមួយចំនួនសំណាងមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែធ្នូឆ្នាំ២០២១នៅត្រង់ចំណុចភូមិតាត្រាវឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសដែលបើករថយន្តបង្កហេតុត្រូវបានស្គាល់ឈ្មោះ ពៅ ទីបេ  អាយុ ២១ឆ្នាំ មុខរបរ អ្នកបើកបរ រស់នៅភូមិកំចាយមាខាងជើង ឃុំក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែងបើករថយន្តម៉ាកហុីយាន់ដាយ ពណ៌ស  ពាក់ស្លាកលេខព្រះសីហនុ ៣A.៦៧៤២ខូចខាតយ៉ាងដំណំ។

ចំណែកម្ចាស់ផ្ទះរងគ្រោះមានឈ្មោះម៉ា ប៊ុន្ធី ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែកដោយខូចខាតសម្ភារ:រួមមាន ៖ ដំបូលផ្ទះលក់ដូរនិងទ្វារដែកខាងមុខខូចទាំងស្រុង តុបាយចំនួន២ ។

និងម្ចាស់ផ្ទះទី២មានឈ្មោះ មុី សាន ភេទប្រុស អាយុ៤១ឆ្នាំមុខរបរ គ្រូបង្រៀន រស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាចស្រុករមាសហែក ខេត្តស្វាយរៀង ខូចខាតសម្ភារ:រួមមាន ៖ បាក់ជញ្ជាំងថ្មមួយផ្ទាំងកំពស់មួយម៉ែត្រ បណ្តោយ៥ម៉ែត្រ  បាក់ទ្វារដែកខូចទាំងស្រុង និងរថយន្តម៉ាកតាកូម៉ាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង២A.១៧០១រងការខូចខាត ផតកន្ទុយស្តាំខាងក្រោយ។

តាមសាក្សីបានឱ្យដឹងថាមានរថយន្តដឹកស្រូវមួយគ្រឿងម៉ាកហុីយាន់ដាយ ពណ៌ស  ពាក់ស្លាកលេខព្រះសីហនុ ៣A.៦៧៤២ដោយធ្វើដំណើរពីទិសខាងជើងទៅត្បូងខណៈនោះមិនដឹងយ៉ាងម៉េចស្រាប់តែរេចង្កូតបុកបុកចូលផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងកណ្ដាលយប់តែម្ដង។

សមត្ថកិច្ចបញ្ជាក់ថាក្នុងករណីនេះពិតជាសំណាងណាស់មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេដោយសារមូល មូលហេតុអ្នកបើកបររថយន្តងងុយដេក ៕

ដោយ៖យឹម សុថាន

 

 


ចែករំលែក៖