ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហោះនូវសារនាយករដ្ឋមន្ត្រីចំនួន ៣រូប ដែលមានខ្លឹមសារដូចខាងក្រោម :
លោកបណ្ឌិត Phankham Viphavanh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមានប្រសាសន៍ថា៖ «ជំងឺរាតត្បាតកូវីដ-១៩ នៅតែបន្ត និងមិនទាន់ដល់ទីបញ្ចប់របស់វាឆាប់ៗនោះឡើយ។ ដូច្នេះហើយ ខ្ញុំសូមលើកទឹកចិត្តដល់អាស៊ី និងអឺរ៉ុបឱ្យបង្កើនកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់បន្ថែមទៀតនូវការជួយគ្នាទៅវិញទៅមក ជាពិសេសតាមរយៈការពង្រីកជំនួយដល់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍតិចតួច ដើម្បីបំពេញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឈានទៅកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ ដើម្បីសម្រួលកំណើនសេដ្ឋកិច្ច និងការវិលត្រឡប់មករកភាពប្រក្រតីបានឆាប់រហ័ស»។
លោកស្រី កាយា កាឡាស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋអេស្តូនី បានលើកឡើងថា៖ «វេទិកានានា ដូចជា ASEM ជាដើម មានសារៈសំខាន់សម្រាប់ស្ថិរភាពបរិស្ថានពិភពលោក។ ការផ្លាស់ប្តូរមតិយោបល់ ផ្តល់នូវផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរបស់យើង និងធ្វើឱ្យយើងប្រឹងប្រែងតស៊ូស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩នេះបានទាន់ពេលវេលា។ យើងឃើញថាយើងចេះសហការគ្នាខ្លាំងជាងមុនមិនធ្លាប់មាន ក្នុងអំឡុងពេលដែលយើងប្រឈមមុខនឹងវិបត្តិអាកាសធាតុ ប្រតិបត្តិការទុច្ចរិតតាមប្រព័ន្ធអ៊ីនធឺណិត និងភាពចលាចលសង្គម និងសេដ្ឋកិច្ចដែលបានបង្កឡើងដោយជំងឺរាតត្បាត។ ពេលរាត្រីតែងតែងងឹតខ្លាំងបំផុតនៅមុនពេលថ្ងៃរះ។ ខ្ញុំប្រាថ្នាចង់ឃើញប្រទេសនានាជុំវិញពិភពលោកក្រោកឡើងដោះស្រាយ និងចាត់វិធានការកាត់បន្ថយនូវបញ្ហាប្រឈមទាំងនេះ។
លោក មិកឃើល ម៉ារទីន នាយករដ្ឋមន្រី្តអៀរឡង់ បានលើកឡើងថា៖«យើងកំពុងរៀបចំយ៉ាងត្រឹមត្រូវសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត ដូចយ៉ាងសេចក្តីថ្លែងការណ៍សេដ្ឋកិច្ច-សង្គមនៃកិច្ចប្រជុំកំពូលនេះ នឹងផ្ញើជាសារមួយដែលមានអត្ថន័យមុតមាំទៅកាន់ប្រជាជននៅទ្វីបអឺរ៉ុប និងអាស៊ីថា យើងមានចក្ខុវិស័យមួយរួមគ្នា នោះគឺចក្ខុវិស័យសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងបរិយាប័ន្ននៅទូទាំងតំបន់ទាំងពីរ។ [… ] ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណកម្ពុជាដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរបស់យើង។ កម្ពុជាបានរក្សាស្មារតី ASEM ឱ្យមានភាពរស់រវើកនៅក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលនេះ ហើយលទ្ធផលនៃកិច្ចប្រជុំកំពូលនឹងផ្តល់នូវសន្ទុះមួយថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើង ខណៈយើងទន្ទឹងរង់ចាំអនាគតដែលភ្លឺស្វាងជាងមុនបន្ទាប់ពីជំងឺរាតត្បាតនេះ៕
ដោយ ៖ សុខ ខេមរា