ខេត្តកំពង់ធំ៖ បេីយោងតាមប្រភពព័ត៌មានមួយពីមន្រ្តីសាលាដំបូងខេត្តកំពង់ធំ បានលួចបង្ហេីបប្រាប់ឱ្យដឹងនៅរសៀលថ្ងៃចន្ទទី១៣ ខែធ្នូ ឆ្នាំ២០២១នេះថា៖ បច្ចុប្បន្ននេះកំពុងមានអ្នករត់ការដោះលែង ក្រុមជេីងខ្លាំងប្រេីកាំភ្លើងហួសសុពលភាព វាយប្រជាពលរដ្ឋចំនួន ៣នាក់ឱ្យរងរបួសនៅខេត្តកំពង់ធំ ថ្នូរជាទឹកប្រាក់ប្រមាណ ២ម៉ឺនដុល្លារ។ ខណៈជនជាប់ចោទទាំងអស់នេះ កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ធំ។
សូមរម្លឹកថា ក្រុមជេីងខ្លាំងប្រដាប់អាវុធចំនួន ៤នាក់ក្នុងចំណោមបក្ខពួកប្រមាណ១០នាក់ បានធ្វេីសកម្មភាពប្រេីហិង្សាដោយមានទាំងកាំភ្លេីងខ្លី,ខ្សែក្រវ៉ាត់ និងដំបងឈេឺជ្រុង ព្រួតវាយប្រជាពលរដ្ឋចំនួន០៣នាក់បណ្ដាលឱ្យរងរបួសយ៉ាងដំណំ ហេីយត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់តាមច្បាប់ ក្រោយចៅក្រមសាលាដំបូងខេត្ត សាកសួររួចក៏សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នផងដែរ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ លោក ស៉ិន វរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឱ្យដឹងថា ជនជាប់ចោទទាំង ៤នាក់ខាងលើនេះ ត្រូវបានចោទប្រកាន់ពី”បទហិង្សាដោយចេតនាមានស្ថានទំងន់ទោស” ។ បន្ទាប់ពីចៅក្រមសាលាដំបូងខេត្ត សាកសួរបន្តរួចសម្រេចឃុំខ្លួនពួកគេទាំង៤នាក់នេះ តែម្តង។
ជនជាប់ចោទទាំង ៤នាក់នេះ៖ ទី១,ឈ្មោះទេព ចិន្តា ភេទប្រុសអាយុ ៣៩ ឆ្នាំរស់នៅសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទី២,ឈ្មោះឡេង ចាន់រិទ្ធីភេទប្រុសប្រុសអាយុ ២៨ ឆ្នាំរស់នៅភូមិកំពង់រទេះសង្កាត់កំពង់រទេះក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ទី៣,ឈ្មោះ ជួន ប៉ោជាំង ភេទប្រុសអាយុ ៣១ ឆ្នាំរស់នៅភូមិស្ពានគ្រងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។និងទី៤,ឈ្មោះខា កុសល ភេទប្រុសអាយុ ៣២ ឆ្នាំរស់នៅភូមិក្រោលគោសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បេីយោងតាមរាយការណ៍របស់មន្រ្តីកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីវេលាម៉ោង ១១ និង១៥នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានគ្នាចំនួន ៤នាក់ មធ្យោបាយរថយន្តមួយគ្រឿងដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ ម៉េងហុង នាយការិយាល័យព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក ពៅសម្បូរណ៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ដោយផ្ទាល់តាមរយៈទូរស័ព្ទ បានចុះសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក និងកម្លាំងមូលដ្នានកងរាជអាវុធហត្ថស្រុកបារាយណ៍ បានចុះបង្ក្រាបករណី ហឹង្សាដោយចេតនាមានអាវុធនៅចំណុចផ្ទះរបស់ឈ្មោះ ថា ធីតា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ខណៈដែលបង្កឡើងដោយក្រុមជនសង្ស័យមានគ្នាប្រហែល ១០នាក់ បានធ្វើសកម្មភាពវាយតប់ទៅលើក្រុមជនរងគ្រោះដែលមានគ្នា ៦នាក់ ដោយប្រើដៃ ខ្សែក្រវ៉ាត់ និងដំបងឈេឺជ្រុង រួមទាំងអាវុធខ្លីចំនួន០១ដើម ហួសសុពលភាពថែមទៀត បណ្ដាលឱ្យជនរងគ្រោះចំនួន ៣នាក់រងរបួសស្រាលត្រង់ដៃខាងឆ្វេងមួយកន្លែង ត្រង់សៀតផ្កាខាងស្ដាំ មួយកន្លែង(១ខ្សែក្រវ៉ាត់)នឹងត្រង់ក្រោមគុម្ពត្រចៀកស្តាំមួយកន្លែង(០១ខ្សែក្រវ៉ាត់)។
ចំណែកវត្ថុតាងចាប់យកពីជនដៃដល់រួមមាន៖ ១.អាវុធខ្លីចំនួន មួយដើមម៉ាកBERETTA លេខBER665672បង់ចំនួនមួយគ្រាប់ពីរគ្រាប់ ។,២.រថយន្តមួយគ្រឿងម៉ាកលុចស៊ីសពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2N4488។ ,៣.ប័ណ្ណសម្គាល់អាវុធខ្លីចំនួន 01 សន្លឹក លិខិតបញ្ជាបេសកកម្មចំនួន01សន្លឹក អត្តសញ្ញាណប័ណ្ណទាហានចំនួន01សន្លឹក, ៤.ក្បាលខ្សែក្រវាត់ចំនួនមួយ, ៥.សោកុងតាក់ចំនួន០១. ,៦.ទូរស័ព្ទចំនួន០២គ្រឿង ,៧.ដំបងឈេឺ០២កំណាត់, ៨.កំប៉ុងជ័រចំនួន០១, និង៩.ស្រោមកាំភ្លេីងខ្លីចំនួន០១។
បច្ចុប្បន្នជនជាប់ចោទខាងលេីនេះ ដែលកំពុងជាប់ឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ធំ រហូតមកទល់ពេលនេះមេកេីយរបស់ពួកគេកំពុងរត់ការដោះលែង ដោយថ្នូរជាទឹកប្រាក់ប្រមាណ ២ម៉ឺនដុល្លារអាមេរិកផងដែរ។
ដោយឡែកជុំវិញករណីនេះដែរ នៅរសៀលថ្ងៃចន្ទទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ អង្គភាពកាសែតនគរវត្ត និងនគរដ្រេហ្គន មិនអាចទំនាក់ទំនងសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងខេត្ត បាននៅឡេីយទេ៕
ដោយ៖ស តារា