ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកសុីម៉ាក់ នៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ បានបញ្ជាក់ថា, លទ្ធផលការងារគ្រប់មុខព្រួញរបស់អង្គភាពCMACក្នុងរយៈពេល១១ខែមករា-វិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលលទ្ធផលប្រកបដោយជោគជ័យ គួរឲ្យកត់សម្គាល់បើទោះជាស្ថិតក្នុងបរិបទសកលនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ក៏ដោយ។ ក្នុងរកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់សរុបទំហំ៩១.៩១៩.៩៧២ម៉ែត្រក្រឡាស្មេីនឹងជាង៩២%នៃផែនការ ដោយរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៨២.១៣៨គ្រាប់ ក្នុងនោះមីនប្រឆាំងមនុស្សចំនួន១៦.១៣៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៣២៣គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ៣៩គ្រាប់ គ្រាប់បែកចង្កោម៨.០៩០គ្រាប់ មីនច្នៃចំនួន១៧គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៥៧.៥៣១គ្រាប់។
លោកបន្តថា, សំរាប់ផែនការឆ្នាំ២០២២ខាងមុខ អង្គភាពសុីម៉ាក់មានផែនការរំដោះផៃ្ទដីរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង១២៥គីឡូម៉ែត្រក្រឡា លេីផែនការនេះកំលាំងអង្គភាពសុីម៉ាក់បានទទួលការគាំទ្រគំរោងជំនួយរបស់រដ្ឋាភិបាលជប៉ុន គំរោងជំនួយតាមរយ:ដេញថ្លៃពីUNDP/អាជ្ញាធរមីន គំរោងជំនួយរបស់រដ្ឋាភិបាលចិន គំរោងជំនួយរបស់អង្គការជំនួយប្រជាជនណរ័វេស្ស(NPA ដែលទទួលបានពីរដ្ឋាភិបាលណ័រវេស្សនិងអាមេរិក) គំរោងជំនួយអង្គការAPOPOរបស់រដ្ឋាភិបាលប៊ែលហ្សិក គំរោងជំនួយរបស់អង្គការJMAS និងគំរោងជាមួយអង្គការMAG សរុបមានចំនួន២៥គំរោង និងអាចមានលទ្ធភាពពង្រីកបន្ថែមដេីម្បីសំរេចមហិ្ឆតាផែនការឆ្នាំ២០២២ខាងមុខនេះ៕
ដោយ ៖ សិលា